ខេត្តកណ្ដាល៖ ស្ត្រីជាប្រពន្ធមានចិត្តសាហាវឃោរឃៅបានជួលឃាតកក្នុងតម្លៃ១,០០០ដុល្លារឱ្យសម្លាប់ប្ដីខ្លួនឯង នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល តែអំពើឃោរឃៅនេះពុំអាចគេចផុតពីសំណាញ់ច្បាប់បានឡើយ ដោយស្ត្រីជាប្រពន្ធនិងឃាតក ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកម្រិតធ្ងន់ រួមទាំងកម្លាំងការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រខេត្តកណ្តាល និងកម្លាំងស្រុកកៀនស្វាយធ្វើការបង្ក្រាបបានក្រោយពីទទួលបានព័ត៏មានករណីខាងលើបានត្រឹមតែ១ថ្ងៃប៉ុណ្ណោះ ។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ម្សិលមិញនេះ មានប្រជាពលរដ្ឋល្អបានប្រទះឃើញសពអណ្ដែតទឹកមួយនៅក្នុងប្រឡាយទឹកវិរៈប្រាំដែលមានទទឹង០៦ម៉ែត្រ ជម្រៅប្រហែល២.៣០ម៉ែត ចម្ងាយពីផ្លូវល្បឿនលឿនប្រហែល១០០០ម៉ែត្រ ក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ហើយគាត់ក៏បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ។ ភ្លាមនោះកម្លាំងប៉ុស្តិ៍បានរាយការណ៍មកខាងជំនាញពិនិត្យ និងវិភាគកន្លែងកើតហេតុស្រុកនិងអាជ្ញាធរភូមិឃុំ គ្រូពេទ្យដើម្បីចុះមកពិនិត្យសាកសពអណ្តើតទឹកនោះ។ ការពិនិត្យសាកសពឃើញថា សាកសពស្លាប់ដោយសាររឹតកនិងឆក់ (ឃាតកម្ម)។ បន្ទាប់ពីធ្វើការពិនិត្យរួច សាកសពត្រូវបានស្គាល់អត្តសញ្ញាណឈ្មោះ ខឹម ផល្លី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណេីតនៅភូមិថ្លុកដង្កោ ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងមានទីលំនៅបច្ចុប្បន្នក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ផ្អែកតាមចម្លេីយរបស់ប្រពន្ធជនរងគ្រោះឈ្មោះ សាន់ ធីតា អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ បានសារភាពថា ខ្លួននិងឈ្មោះ វី ភេទប្រុស អាយុប្រហែលជិត៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ជាអ្នកសម្លាប់ប្តីរបស់ខ្លួន ដោយធ្វេីការឆក់និងរឹតកសម្លាប់។
ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាឱ្យលោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន ដឹកនាំកម្លាំងជំនាញ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីស្រាវជ្រាវចាប់ខ្លួនជនដៃដល់។
រហូតដល់វេលាថ្ងៃត្រង់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣នេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាប់ខ្លួនជនដៃដល់ឈ្មោះ វី ដែលស៉ីឈ្នួលសម្លាប់ជនរងគ្រោះ ក្នុងតម្លៃ១០០០ដុល្លារពីប្រពន្ធជនរងគ្រោះ។
បច្ចុប្បន្នជនដៃដល់ និងប្រពន្ធជនរងគ្រោះ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីចាត់ការបន្ដតាមនីតិវិធី៕
ដោយ៖ស្អាងជ័យ