ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះប្រជាពលរដ្ឋមួយខ្នងនៅភូមិដាច់ស្រយាលត្រូវអគ្គិភ័យលេបត្របាក់អស់ទាំងស្រុងដោយសារទុស្សេខ្សែភើងអំពូលសូឡា

ចែករំលែក៖

ខេត្តរតនគិរី៖ មានករណីអគ្គិភ័យលេបត្របាក់ផ្ទះមួយខ្នងអស់ទាំងស្រុងដោយសារទុស្សេខ្សែភ្លើងសូឡាហើយថែមទាំងមានសាំងចំនួនមួយកាន៣០លីត្រនៅក្បែរនោះផងដែរទើបបណ្ដាលឱ្យមានចំហេះឆេះយ៉ាងលឿនតែម្តង ។

ហេតុការណ៍ភ្លើងឆេះផ្ទះអស់ទាំងស្រុងនោះបានកើតឡើងនៅវេលាម៉ោង១៣ៈ៣២នាទីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ត្រង់ចំណុចភូមិសាមខា ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។ 

    ក្នុងហេតុការណ៍អគ្គិភ័យលេបត្របាក់ផ្ទះនោះបណ្តាលខូចខាតអស់ផ្ទះមួយខ្នងដែលមានទំហំទទឹងប្រវែង៥ម៉ែត្របណ្តោយ៧ម៉ែត្រ ដំបូលប្រក់ស័ង្កសី និងជញ្ជាំងបាំងក្តារពាក់កណ្ដាល បាំងស័ង្កសីពាក់កណ្ដាលអស់ទាំងស្រុង ។

   ប្រភពពីលោកអធិការស្រុកលំផាត់បានឱ្យដឹងថា អគ្គិភ័យឆាបឆេះផ្ទះនោះ បណ្ដាលមកពីទុស្សេខ្សែភ្លើងសូឡាហើយនិងមានសាំងនៅក្បែរនោះចំនួនមួយកាន៣០ លីត្រទៀតទើបបណ្ដាលឱ្យឆាបឆេះយ៉ាងលឿនបែបនេះ ។

    ប្រភពដែលបន្តថា ម្ចាស់ផ្ទះដែលឆាបឆេះនោះប្ដីឈ្មោះ ប៉ែន គួរ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមានប្រពន្ធឈ្មោះ ពូ ទីសី ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ និងមានកូនចំនួនពីរនាក់ក្នុងបន្ទុក ។

   ប្រភពបន្តទៀតថា សម្ភារដែលខូចខាតក្នុងហេតុការណ៍ភ្លើងផ្ទះនោះរួមមានផ្ទះទំហំ ៥ម៉ែត្រគុណ៧ ម៉ែត្រ ចំនួនមួយខ្នង, ស្រូវចំនួន៤០បេ, ម៉ាស៊ីនកាត់ស្មៅចំនួន០១គ្រឿង, ប្លង់ដីចំនួន០៤ប្លង់,  អត្តសញ្ញាណប័ណ្ណចំនួន០២សន្លឹក, កាតគ្រីម៉ូតូចំនួន០១សន្លឹក, ទូរស័ព្ទចំនួន ០១គ្រឿង និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀតផងដែរ។ 

   ក្រោយកើតហេតុកងកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរស្រុកលំផាត់បានចុះទៅដល់បានស្រង់តួលេខនៃការខូចខាតដើម្បីជួយផ្គត់ផ្គង់នូវសម្ភារចំពោះមុខ។

    នៅក្នុងហេតុការណ៍នោះផងដែរដោយសារតែស្ថិតក្នុងស្ថានភាពផ្លូវលំបាកហើយនៅឆ្ងាយដាច់ស្រយាលផងនោះទើបមិនអាចនាំយករថយន្តពន្លត់អគ្គិភ័យទៅជួយធ្វើអន្តរាគមន៍ពន្លត់ភ្លើងបាន៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖