ខេត្តកោះកុង ៖ នៅព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៣ ខេត្តកោះកុង បានរៀបចំប្រារព្ធធ្វើមិទ្ទិញអបអរ សាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាថ្ងៃជ័យជំនះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០២៣ )នៅបរិវេណសួនច្បារមុខសាលាខេត្ត ស្ថិតក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តកោះកុង ។
កិច្ចស្វាគមន៍របស់ លោកស្រីមិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុងបានលើកឡើង អំពីសមទ្ធិផលធំៗដែលដែលខេត្តកោះកុងសម្រេចបានក្នុង រយៈ ពេល៤៤ឆ្នាំកន្លងមកនេះ ក្រោមស្មារតីជ័យជំនះ៧ មករា ដែលបានធ្វើអោយខេត្តកោះកុងទទួលបានសមិទ្ធផលធំៗជាច្រើន រួមនឹងសុខសន្តិភាពដែលបានលទ្ធ ផល នេះឆ្លើយតបទៅតាមសំណូមពរ និងបំណងប្រាថ្នារបស់ប្រជាជជនក្នុងខេត្តកោះកុងទាំងមូល ។
លោកស្រីមិថុនា ភូថង បានបញ្ជាក់ថា ខេត្តកោះកុង បានរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត ក្រោយគេ គឺនៅថ្ងៃ ១៧ ខែមករា ឆ្នាំ ១៩៧៩។
ថ្លែងក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ ថា ៖ការជួបជុំគ្នានេះ ដើមី្បរំឮកនូវទិវាជ័យជំនះ ក្នុងស្មារតីគោរពដឹងគុណចំពោះវីរៈយុទ្ធ ជន យុទ្ធនារី និងអ្នកសេ្នហាជាតិ ដែលបានធ្វើពលិកម្ម ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ និង អាយុជីវិតប្រជាជនពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ ទោះបីរយៈពេល ៤៤ឆ្នាំបានកន្លងទៅហើយនោះក៏ពិតមែន តែនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលមានអត្ថន័យដ៏ធំធេង សម្រាប់ប្រជាជាតិខ្មែរគ្រប់ជំនាន់ ក៏ដូចមនុស្សជាតិដែលស្នេហាសន្តិភាព និងយុត្តិធម៌នៅលើពិភពលោក ។
សម្តេចពិជ័យសេនាបានបន្តថា រយៈពេល៤៤ឆ្នាំមកនេះ អ្វីៗត្រូវបានផ្លាស់ប្តូរដោយមិននឹកស្មានដល់ ក្រោយពីកម្ពុជាត្រូវរងការបំផ្លិចបំផ្លាញខ្ទីចខ្ទីទៅហើយនោះ បានប្រឹងងើបឈរឡើងវិញ និង បានកំពុងបោះជំហានយ៉ាងស្វាហាប់ លើមាគ៌ាសុខសន្តិភាព ប្រជាធិបតេយ្យ សហ ប្រតិបត្តិការ និង អភិវឌ្ឍន៍ ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តកោះកុង ត្រូវបន្តចូលរួមការពារសន្តិភាពដោយត្រូវទៅបោះឆ្នោត ជូនគណៈបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខដើម្បីទទួលបាននូវសន្តិភាព និងការឯកភាពជាតិពេញលេញ ៕
ដោយ៖ សូរិយា