ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាកសិកររីករាយនៅខណៈប្រមូលផលដំឡូងមី ក្នុងតម្លៃចន្លោះ ៤០០ រៀលស្រស់ក្នុង១គីឡូក្រាម

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ ទោះបីជាវាមិនចំណេញច្រើនក៏ដោយក៏តម្លៃដំឡូងមីស្រស់ក្នុងមួយគីឡូក្រាម៤០០រៀលអាចធ្វើ ឲ្យប្រជាកសិកររីករាយខ្លះដែរ។ ប្រជាពលរដ្ឋប្រកបរបរដាំដំឡូងមីក្នុងខេត្តត្បូងឃ្មុំ កំពុងប្រមូលផលក្នុងតម្លៃ ១គីឡូក្រាម​ស្រស់៤០០រៀល លក់ឱ្យឈ្មួញ​ដែលប្រមូលទិញក្បែរៗ​ចំការរបស់​ពួកគាត់ដែលតម្លៃនេះ​គឺអាចទទួលយកបាន ​ទោះមិនចំណេញច្រើន ​ក៏ក៏ដោយតែបានប្រាក់ចំណូលខ្លះ​សម្រាប់​ទ្រទ្រង់​ជីវភាពគ្រួសារ ។

បើទោះជាមិនថ្លៃក៏ដោយ ប៉ុន្តែតម្លៃនេះប្រហាក់ប្រហែលទៅនឹងបណ្ដាឆ្នាំមុនៗដែរ។  យ៉ាងណាក៏ដោយប្រជា កសិករចំណាយទៅលើថ្នាំនិងជីក៏ដើមទុនច្រើនដែរ។ តម្លៃជីនិងថ្នាំនៅឆ្នាំនេះឡើងខ្ពស់ជាងបណ្ដាឆ្នាំមុនៗដូច្នេះកសិករក៏ត្រូវចំណាយច្រើនទៅតាមនោះដែរ។

លោក សុ ភី អ្នកដាំដំឡូងមី រស់នៅភូមិពើក ​ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ឱ្យដឹងថា ​លោកបានប្រកបរបរនេះជាច្រើនឆ្នាំមកហើយ ​ខណៈនៅឆ្នាំនេះ​ឈ្មួយដែល​ប្រមូល​ទិញនៅក្នុងស្រុកគេហ៊ានឱ្យតម្លៃ ចន្លោះពី ៤០០ ទៅ ៤៥០ រៀលក្នុង ​១គីឡូក្រាមស្រស់។ លោកបន្តថា បើទោះបីជាវាមិនថ្លៃប៉ុន្តែវាអាចបានប្រាក់ចំណូលខ្លះសម្រាប់ដោះ ស្រាយជីវភាពបានដែរ។ លោកបន្តថា តម្លៃនេះវាមិនចំណេញច្រើននោះទេ​ សម្រាប់ពួកគាត់​ព្រោះការដាំដុះសព្វថ្ងៃគឺត្រូវ​ចំណាយ​ច្រើន ដូចជា លើការភ្ជួដី ឈ្នួលដាំ និងថែទាំ ពិសេសចំណាយលើថ្លៃជី ដែលមានតម្លៃថ្លៃ ។

បើតាមការបញ្ជាក់របស់លោក ហេង ពិសិដ្ឋ ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ​ បានឱ្យដឹងថា ​ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋដាំដុះដំឡូងមីជិត​ ៤ម៉ឺនហិកតាក្នុងឆ្នាំ ២០២២​ ហើយមួយចំនួនធំ​កំពុងប្រមូលផលលក់ឱ្យទៅឈ្មួញក្នុងស្រុក​ ដោយក្នុង១ គីឡូក្រាមស្រស់ ចន្លោះ៤០០រៀល ទៅ៤៥០រៀល ដែលតម្លៃនេះ ប្រហាក់ប្រហែលឆ្នាំមុនដែរ ។

សូមជម្រាបថា​ ដំឡូងមីជាដំណាំ១ប្រភេទ​ដែលត្រូវចំណាយ​ពេល​ដាំដុះជិត​១ឆ្នាំ​ពេញទើប​អាច​ប្រមូលផលបាន ​ខណៈមកដល់ពេលនេះ ទីផ្សារធំបំផុតគឺនាំចេញទៅប្រទេស​វៀតណាម​តាមច្រកព្រំដែន​មួយ​ចំនួន​ក្នុងខេត្តត្បូងឃ្មុំ ៕

ដោយ៖ សូរិយា


ចែករំលែក៖