ភ្នំពេញ ៖ នៅយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល បានចេញ សេចក្តីណែនាំក្រើនរំលឹក ស្តីពីការការពារការចម្លងវីរុសកូវីដ-១៩ ជំងឺផ្តាសាយបក្សី និងការបង្ការការពុលចំណីអាហារ ឬពុលស្រា ស ដែលរៀបចំមិនត្រឹមត្រូវ នាឱកាសរៀបចំសែនដូនតា និងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ។
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា វីរុសកូវីដ-១៩ នៅមិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយទេ រីឯស្ថានភាពនៃការចម្លងវីរុសកូវីដ-១៩ ជាពិសេសពពួកបម្លែងថ្មីៗដូចជា XBB ឬ XBB.1.5 នៅតែបន្តមាននៅឡើយនៅលើសាកលលោក និងនៅក្នុងតំបន់ ធ្វើឱ្យមានកំណើនជាបន្តបន្ទាប់នូវអ្នកឈឺ និងអ្នក ស្លាប់ដោយសារជំងឺកូវីដ-១៩ នៅតាម បណ្ដាប្រទេសមួយចំនួន ហើយក៏អាចមានការបន្តចរាចរនូវពពួកវីរុសកូវីដ-១៩ បម្លែងថ្មីៗ ពីប្រទេសមួយទៅប្រទេសមួយ ដែលគួរឱ្យមានការព្រួយបារម្ភលើលទ្ធភាពអាចនឹងមានការផ្ទុះឡើងវិញនូវការរាតត្បាតក្នុងសហឪគមន៍ ប្រសិនបើភាពស៊ាំបុគ្គល និងភាពស៊ាំសហគមន៍មានការថមថយចុះខ្លាំង ព្រមទាំងខ្វះការប្រុងប្រយ័ត្ន ដែលតម្រូវឱ្យបងប្អូន ប្រជាពលរដ្ឋទាំងអស់ត្រូវបន្តការយកចិត្តទុកដាក់ការពារខ្លួនឱ្យបានហ្មត់ចត់ជាប់ជានិច្ច និងសូមអញ្ជើញទៅទទួលយកការចាក់ វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ដូសទី៣ ទី៤ ទី៥ ទី៦ និងដូសបន្តបន្ទាប់) ឱ្យបានត្រឹមត្រូវបើដល់វេនចាក់។
ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឃ្លៀសវៃរបស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគ្រប់គ្រងស្ថានភាពឆ្លងរាលដាលនៃវីរុសកូវីដ-១៩ បានល្អប្រសើរ ទោះបីជាប្រទេសកម្ពុជានៅបន្តរកឃើញអ្នកវិជ្ជមានវីរុសនេះនៅឡើយក្ដី តែប្រជាជនកម្ពុជាបាន និងកំពុងរៀនរស់នៅជាធម្មតាតាម គន្លងប្រក្រតីភាពថ្មី ជាមួយនឹងវត្តមានវីរុសកូវីដ-១៩ នៅក្នុងបរិបទនៃការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩ ដើម្បីកាត់បន្ថយ ផលប៉ះពាល់លើសុខភាពសាធារណៈ និងលើសេដ្ឋកិច្ច-សង្គម ឱ្យបានជាអតិបរមា ព្រមទាំងបន្តរក្សានិរន្តភាពនៃការរស់នៅធម្មតា ក្នុងគន្លងប្រក្រតីភាពថ្មីនេះ ឱ្យបានយូរអង្វែង រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិផងដែរ។
ដោយសង្កេតឃើញថា ជារៀងរាល់ឆ្នាំ បងប្អូនប្រជាពលរដ្ឋយើងមួយចំនួន បានប្រារព្ធពិធីសែនដូនតាផ្សេងៗ ដែលមានការ ទិញទំនិញ និងការចរាចរនូវបសុបក្សីជាច្រើនដែលអាចមានហានិភ័យនៃការចម្លងនូអ៊ឺរុសផ្តាសាយបក្សី ដែលមាននៅលើសត្វ និងនៅ ក្នុង បរិស្ថាន មកមនុស្សបានគ្រប់ពេលវេលា ប្រសិនបើមិនមានការបង្ការបានត្រឹមត្រូវទេនោះ នឹងអាចមានការជួបជុំពិសារអាហារជុំ គ្នាច្រើន ឬក្នុងទ្រង់ទ្រាយធំ ម្យ៉ាងវិញទៀត ជំងឺដង្កាត់ផ្សេងៗ និងការពុលចំណីអាហារ ឬពុលស្រា ស ក៏តែងតែសង្កេតឃើញកើត មានឡើងនៅតាមតំបន់ ឬទីតាំងមួយចំនួនក្នុងប្រទេសផងដែរនោះ យើងទាំងអស់គ្នា ចាំបាច់ត្រូវបង្កើននូវការប្រុងប្រយ័ត្នខ្ពស់ ដោយបុគ្គលម្នាក់ៗ ត្រូវខិតខំថែរក្សាសុខភាពឱ្យបានល្អប្រសើរ និងចៀសវាងការពុលចំណីអាហារនៅគ្រប់កាលៈទេសៈ។ អាស្រ័យហេតុនេះ ខ្ញុំសូមអំពាវនាវ និងធ្វើការក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តការប្រុងប្រយ័ត្នផ្ទាល់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការការពារសុខភាពពីការចម្លងវីរុសកូវីដ-១៩ ជាពិសេសពពួកអូមីក្រុងបម្លែងថ្មីៗ ជំងឺ ផ្តាសាយបក្សី និងជំងឺផ្សេងៗ រួមទាំងការបង្ការសុខភាពបណ្តាលមកពីការពុលចំណីអាហារ ឬ ពុលស្រា ស នៅក្នុងការរស់នៅជាប្រចាំថ្ងៃរបស់ខ្លួន ក៏ដូចជានារដូវបុណ្យទាន ជាពិសេសពិធីសែនដូនតាផ្សេងៗ និងនាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ នេះ ដោយអនុវត្តវិធានការសំខាន់ៗមានដូចខាងក្រោម៖
អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣ការពារ (ពាក់ម៉ាស់ជាប់ជានិច្ច លាងដៃឱ្យញឹកញាប់ជាមួយសាប៊ូ ឬអាល់កុល ឬ ជែលលាងដៃ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង៣កុំ (កុំទៅកន្លែងមានមនុស្សច្រើន កុំទៅ កន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា ជាដើម)
បុគ្គលម្នាក់ៗ ត្រូវបន្តទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ឱ្យបានគ្រប់ដួស ទាំងដួសមូលដ្ឋាន និងដូសជំរុញ (ដូសទី៣ ដួសទី៤ ដូសទី៥ ដូសទី៦ និងដូសបន្តបន្ទាប់នៅពេលដល់វេនចាក់) ដើម្បីពង្រឹងរក្សាកងការពារខ្លួន និងពង្រឹងភាពស៊ាំ សហគមន៍រឹងមាំ ដើម្បីបន្តចៀសផុតការផ្ទុះឡើងវិញនូវការរាតត្បាតវីរុសកូវីដ-១៩ ចៀសវាងពីគ្រោះមហន្តរាយសុខ ភាពសាធារណៈធ្ងន់ធ្ងរ និងបន្តនិរន្តរន៍ភាពនៃការរស់នៅធម្មតា ក្នុងគន្លងប្រក្រតីភាពថ្មីបានយូរអង្វែង។
ត្រូវខ្ទប់ម៉ាត់ និងច្រមុះពេលក្អក កណ្ដាស់ ដោយប្រើម៉ាស់ ក្រម៉ា កន្សែង ឬក្រដាសអនាម័យរួចខ្ចប់បោះចោលក្នុងធុងសម្រាមបិទជិត និងត្រូវធ្វើដំណើរត្រលប់មកគេហដ្ឋានវិញភ្លាម បើមានរោគសញ្ញាដូចជាមានគ្រុនក្តៅ ក្អក ឈឺក្បាល ហូរ សំបោរ ឈឺបំពង់ក ឬពិបាកដកដង្ហើម ជាដើម រួចទៅស្វែងរកការពិនិត្យពិគ្រោះជំងឺនៅមណ្ឌលសុខភាព ឬ មន្ទីរពេទ្យរដ្ឋ ត្រូវជៀសវាង ការខាកស្តោះ ឬបន្ទោរបង់ ពាសវាលពាសកាល។
ត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូនិងទឹកស្អាតឱ្យបានញឹកញាប់ បន្ទាប់ពីការប៉ះពាល់សត្វ ឬបោចសំអាតសត្វបសុបក្សី ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគ ព្រមទាំងប្រកាន់ខ្ជាប់នូវការអនុវត្តន៍អនាម័យស្អាត និងចំណីអាហារ ដែលមានសុវត្ថិភាពល្អ ព្រមទាំងលាងសម្អាតដៃមុនពេល និងក្រោយពេលបរិភោគអាហារ ឬក្រោយការបន្ទោរបង់ ត្រូវជៀសវាងចូលទៅកន្លែងចិញ្ចឹមសត្វ (បើគ្មានភារកិច្ច) ឬប៉ះពាល់ផ្ទាល់ជាមួយសត្វនៅតាមកសិដ្ឋានចិញ្ចឹមសត្វ និងទី ផ្សារបសុបក្សីរស់ ឬប៉ះពាល់ផ្ទាល់សត្វបសុបក្សីស្លាប់ដោយមិនដឹងមូលហេតុ ឬចូលកន្លែងសត្តឃាត ឬប៉ះពាល់ជាមួយ
៊៊ផ្ទៃណាមួយដែលកខ្វក់ ឬប្រលាក់ដោយលាមកសត្វបសុបក្សី ឬសត្វដទៃទៀត ជៀសវាងប្រជ្រៀតគ្នា នៅពេលទិញម្ហូបអាហារ ទិញសាច់ ឬបសុបក្សីរស់ ឬសម្ភារៈនានា ជាពិសេស ត្រូវចេះត្រៀមលក្ខណៈ ទុកជាមុនពីចម្ងាយ ជៀសវាងការកកស្ទះ ឬការកកកុញមនុស្សច្រើននៅតាមទីផ្សារ ឬហាង នៅក្នុងថ្ងៃតែមួយ ឬក្នុងថ្ងៃន ពិធីសែននានាជាដើម។
ត្រូវចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អជាពិសេសសាច់ ឬសត្វស្លាប ស៊ុត និងអាហារសមុទ្រ ជាដើម។ នៅពេលលោកអ្នក ទិញម្ហូបអាហារដែលឆ្អិនស្រាប់នៅតាមទីផ្សារ ឬតាមដងផ្លូវ ត្រូវប្រាកដថាអាហារទាំងនោះ មានអនាម័យល្អ និងមាន សុវត្ថិភាពសម្រាប់ការបរិភោគ។
ត្រូវរក្សាទុកដាក់អាហារឆៅ និងឆ្អិន នៅដាច់ដោយឡែកពីគ្នាជាចាំបាច់ និងត្រូវទុកដាក់ចំណីអាហារនៅក្នុងសីតុណ្ហ ភាពមានសុវត្ថិភាព (ត្រជាក់តិចជាង ៥អង្សាសេ និងក្តៅលើសពី ៦០អង្សាសេ) ឬចម្អិនអាហារមួយពេលសម្រាប់តែមួយ ពេល ដោយមិនទុកអាហារសេសសល់យូរ ដែលអាចផ្លូម ឬមានដុះផ្សិត ដែលបង្កឱ្យមានរាករួស ឈឺពោះ ក្អួតជាដើម។
ត្រូវប្រើប្រាស់ទឹកស្អាត និងវត្ថុធាតុដើមឆៅ ដែលល្អត្រឹមត្រូវ។
បើសង្ស័យថាមានឆ្លងវីរុសផ្តាសាយបក្សី ដោយមានរោគសញ្ញាទូទៅរួមមាន គ្រុនក្តៅលើសពី ៣៨.៥ អង្សាសេ ក្អក និង ពិបាកដកដង្ហើម និងមានប្រវត្តិប៉ះពាល់បសុបក្សីឈឺ ឬស្លាប់ ក្នុងអំឡុង១៤ថ្ងៃមុនចេញរោគសញ្ញា សូមទូរស័ព្ទទៅលេខ ទូរស័ព្ទទាន់ហេតុការណ៍ ១១៥ និងប្រញាប់ទៅកាន់មន្ទីរពេទ្យដែលនៅជិតផ្ទះលោកអ្នក
អ្នកដែលមានហានិភ័យខ្ពស់នៃការចម្លងជំងឺ ដូចជាជនចាស់ជរា ជនដែលមានជំងឺប្រចាំកាយ ស្ត្រីមានផ្ទៃពោះ ជាដើម បើមិនមានការចាំបាច់បំផុតទេនោះ មិនគួរធ្វើដំណើរ ឬចូលរួមការជួបជុំធំៗ តែបើចៀសមិនបាន ចាំបាច់ត្រូវតែមានការ អនុវត្តន៍កិច្ចការពារខ្លួនឱ្យបានល្អ និងរក្សាគម្លាតពីគ្នា ព្រមទាំងមានអ្នកជួយមើលការខុសត្រូវឱ្យបានត្រឹមត្រូវ ព្រមទាំង អនុវត្តវិធានការដូចបានជម្រាបជូនខាងលើនេះអាជ្ញាធរ ខេត្ត ស្រុក ក្រុង ខណ្ឌ រដ្ឋបាលឃុំ/សង្កាត់ ត្រូវចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងធ្វើការណែនាំការអនុវត្ត វិធានការការពារខាងលើ ជាពិសេស៖
នៅតាមកសិដ្ឋាន ទីផ្សារលក់បសុបក្សីរស់ ដោយមានការត្រួតពិនិត្យការអនុវត្តវិធានការការពារឱ្យបានហ្មត់ចត់ ដើម្បីជៀសផុតពីការផ្ទុះចេញនូវជំងឺផ្តាសាយបក្សីក្នុងសហគមន៍របស់ខ្លួន។
នៅមូលដ្ឋានរបស់ខ្លួន ត្រូវចាត់ចែងការត្រួតពិនិត្យ ចំពោះ វិធានការណ៍ “៣ការពារ ៣កុំ និងវិធានការសុវត្ថិភាព ចំណីអាហារ”
ត្រួតពិនិត្យទីតាំងបិទស្រា ស ឬផលិតស្រា ស ហើយអ្នករៀបចំ ឬអ្នកផលិតស្រា ស ត្រូវធានានូវការអនុវត្តន៍តាម ក្បួនបច្ចេកទេសត្រឹមត្រូវ ដោយមិនយកសារធាតុមេតាណុល មកលាយធ្វើជាស្រា ស ផ្តេសផ្ដាសនោះឡើយ ដាច់ខាតមិនត្រូវទិញ ឬផលិត ឬបរិភោគស្រា ស ដែលមិនមានប្រភពផលិតច្បាស់លាស់ ហើយមិនគោរពតាមបទដ្ឋាន បច្ចេកទេសត្រឹមត្រូវ ឬយកមេតាណុលមកលាយធ្វើជាស្រា ស ដែលបង្កឱ្យមានការពុលរហូតដល់ស្លាប់បាត់បង់ជីវិត។ សូម ចៀសវាងការយកស្រា ស ឬស្រាផ្សេងៗ ទៅលាយជាមួយស្រាផ្សេងទៀត ឬជាមួយភេសជ្ជៈណាមួយទៀត ដែលយើងមិន បានដឹងពីប្រតិកម្មរបស់វា ដែលបង្កឱ្យពុល និងអាចមានគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ។
ក្រសួងសុខាភិបាលសូមលើកទឹកចិត្តឲ្យសាធារណជនទូទៅ អនុវត្តតាមដំបូន្មានសាមញ្ញខាងលើ ដើម្បីការពារសុខ ភាពលោកអ្នក និងក្រុមគ្រួសារ និងសូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ ជួបនូវសុខភាពល្អ ជៀសផុតនូវជំងឺកូវីដ-១៩ និងជំងឺដង្កាត់ផ្សេងៗ ព្រមទាំងសប្បាយរីករាយនាឱកាសសែនដូនតា និងពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។
ក្រសួងសុខាភិបាល និងបន្ដធ្វើការជូនដំណឹងដល់សាធារណជន អំពីការវិវត្តន៍នៃបញ្ហាសុខភាពតាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួងសុខាភិបាល www.cdcmoh.gov.kh ដែលគេហទំព័រនេះ មានសម្ភារអប់រំសុខភាព ដែលអាចទាញ យកមកមើល និងប្រើប្រាស់បាន។ សំរាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ៖ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ៕
ដោយ : សិលា