ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានទូតចិនប្រចាំកម្ពុជា ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញធ្វើដំណើរមកកាន់ស្ថានទូតចិនដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីចិន

ចែករំលែក៖

ភ្នំពេញ ៖ នៅយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានបង្ហោះលើផេកផ្លូវការយ៉ាងដូច្នេះថា, នាថ្ងៃទី១៦ខែមករា នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញធ្វើដំណើរមកកាន់ស្ថានទូតចិនប្រចាំកម្ពុជាដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីចិន។

 លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន បានថ្លែងអំណរគុណចំពោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន ដែលបានធ្វើដំណើរជាពិសេសមកកាន់ស្ថានទូតចិនដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីចិន និងមានប្រសាសន៍ថា កាលពីឆ្នាំ២០២២ កិច្ចសហប្រតិបត្តិការកងទ័ពចិននិងកម្ពុជាលើបណ្ដាវិស័យទទួលបានការអភិវឌ្ឍន៍ ក្នុងនោះមានដូចជាការប្រាស្រ័យទាក់ទងជាយុទ្ធសាស្រ្ត ការបង្កើតយន្តការ ទំនាក់ទំនងកងទ័ពយោធា និងការបណ្ដុះបណ្ដាលសិក្ខាកាមជាដើម ភាគីទាំងពីររក្សាបាននូវទំនាក់ទំនងកម្រិតខ្ពស់យ៉ាងស្អិតរមួត ជំរុញយ៉ាងរឹងមាំនូវគម្រោងកិច្ចសហប្រតិបត្តិការសំខាន់ៗមានដូចជាការកែលម្អជួសជុលមូលដ្ឋានទ័ពជើងទឹករាមជាដើម។ ទន្ទឹមនឹងនេះផងដែរ ចិនបានផ្តល់ជំនួយដល់កងទ័ពកម្ពុជាតាមលទ្ធភាពរបស់ខ្លួន ហើយបានប្រគល់សព្វាវុធកងរាជអាវុធហត្ថ យានយន្តសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងសម្ភារៈផ្សេងៗទៀតដល់កម្ពុជាកាលពីឆ្នាំ២០២២។ ឆ្នាំនេះ គឺជាខួបអនុស្សាវរីយ៍លើកទី៦៥នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ជឿជាក់ថាភាគីទាំងពីរនឹងចាប់យកជាឱកាស ជំរុញកិច្ចសហប្រតិបត្តិការកងទ័ពចិននិងកម្ពុជាបោះជំហានទៅមុខថែមមួយកម្រិតទៀត។

តាំងនាមឱ្យកងទ័ពកម្ពុជា នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានជូនពរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន និងថ្លែងអំណរគុណដោយស្មោះចំពោះភាគីចិនដែលតែងផ្តល់ការគាំទ្រនិងជួយដល់កម្ពុជាតាមគ្រប់ទម្រង់លើវិស័យមានដូចជានយោបាយ សេដ្ឋកិច្ច យោធា និងការការពារជំងឺកូវីដ១៩ជាដើម។   លោកមានប្រសាសន៍ថា ភាគីកម្ពុជានឹងសហការជាមួយភាគីចិនយ៉ាងស្អិតរមួត ពង្រឹងទំនាក់ទំនងចំណងមិត្តភាពជាប្រពៃណី ជំរុញកិច្ចសហប្រតិបត្តិការយោធានៃប្រទេសទាំងពីរឱ្យទទួលបានការអភិវឌ្ឍន៍កាន់តែស៊ីជម្រៅឥតឈប់ឈរ លើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មីមួយទៀត៕

ដោយ : សិលា


ចែករំលែក៖