ព័ត៌មានទាន់ហេតុការណ៍៖

យានយន្ត​ល្មើស​ចំនួន​១៩៧​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​ ខណៈគ្រោះថ្នាក់​ចរាចរណ៍​ កើតឡើង​៧​លើក​ ស្លាប់​និង​របួស​១៨​នាក់​ នៅ​ទូ​ទាំង​ប្រទេស​នាថ្ងៃទី​១៧​ មករា​ម្សិលមិញ​នេះ​!

ចែករំលែក៖

​ភ្នំពេញ​៖​ តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ កាលពីថ្ងៃ​ទី​១៧​ ខែមករា​ ឆ្នាំ​២០២៣​ម្សិលមិញនេះ​ បានឱ្យ​ដឹង​ថា​ ចំនួន​គោលដៅ​សរុប​ ១២០​គោលដៅ​ មាន​យានយន្ត​ចូល​គោលដៅ​ចំនួន​ ៨៧៩​គ្រឿង​ ម៉ូតូ​ចំនួន​ ៨៦០​គ្រឿង​ ក្នុង​នោះ​រក​ឃើញ​ យានយន្ត​ល្មើស​សរុប​ចំនួន​ ១៩៧​គ្រឿង​ មាន​ម៉ូតូ​ចំនួន​ ១៨៥​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩.​អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​ ។​

​ដោយឡែក​ក្នុង​រយៈពេល​១៧​ថ្ងៃ​(​ថ្ងៃ​ទី​០១-១៧​ ខែមករា​)​ ការ​រឹត​បន្ដឹង​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ យានយន្ត​ចូល​គោលដៅ​មាន​ចំនួន​ ២១.៣៤៦​គ្រឿង​ ក្នុង​នោះ​រក​ឃើញ​យានយន្ត​ល្មើស​សរុប​ចំនួន​ ៤.១៤៩​គ្រឿង​ ម៉ូតូ​មាន​ចំនួន​ ៣.៦៣១​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​ ។​

​របាយការណ៍​ដដែល​បាន​វាយតម្លៃ​រយៈពេល​១៧​ថ្ងៃ​នៃ​ខែមករា​នេះ​ ឃើញ​ថា​ ការ​អនុវត្ត​តាម​អនុក្រឹត្យ​ ការ​ផាកពិន័យ​យានយន្ត​ល្មើស​ បាន​ដំណើរការ​ទៅ​យ៉ាង​ល្អ​ប្រសើរ​ ទទួល​បានការ​គាំទ្រ​ ពិសេស​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់​ បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​យ៉ាង​ល្អ​ប្រសើរ​ ៕

​ជាមួយគ្នានោះ​​ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​១៧​ ខែមករា​នេះដែរ​ បណ្តាល​ឱ្យមនុស្ស​ស្លាប់​ចំនួន​ ៣​នាក់​ របួសធ្ងន់​ចំនួន​ ៨​នាក់​(​ស្រី​៣​នាក់​)​ របួសស្រាល​ចំនួន​៧​នាក់​(​ស្រី​១​នាក់​)​ ។​ ដូច្នេះ​សូម​ធ្វើ​ដំណើរ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​ចរាចរណ៍​ជា​និច្ច​ !

​ជាក់ស្ដែង​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​បញ្ជាក់​ថា​ គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​ចំនួន​១៨​នាក់​ កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ចំនួន​៧​លើក​៕

ដោយ​៖សហការី​


ចែករំលែក៖