ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី ៖ សារៈសំខាន់នៃសន្តិភាព ដែលជាមូលដ្ឋាននៃការអភិវឌ្ឍសង្គម និងប្រទេសជាតិមួយ

ចែករំលែក៖

ភ្នំពេញ ៖ ម្សិលមិញនេះ ក្នុងជំនួបជាមួយនិស្សិតជាសមាជិក ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ខ្ញុំបានលើកឡើងពីសារៈសំខាន់នៃសន្តិភាព ដែលជាមូលដ្ឋាននៃការអភិវឌ្ឍសង្គម និងប្រទេសជាតិមួយ។ នេះជាការលើកឡើងរបស់លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌល កំពង់ស្ពឺ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា។ 

លោកបានបន្តថា, សម្រាប់យើងជាអ្នកជំនាន់ក្រោយ ដែលមិនបានឆ្លងកាត់សង្គ្រាម ប្រហែលជាយើងមិនអាចយល់ច្បាស់ថា តម្លៃនៃសន្តិភាពសំខាន់ប៉ុណ្ណា ដូចចាស់ៗជំនាន់មុននោះទេ។ ជាឧទាហរណ៏ ការអូសបន្លាយនៃស្ថានភាពសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន បានធ្វើឲ្យប្រទេសអ៊ុយក្រែន ជាពិសេស រងនូវការខ្ទេចខ្ទាំលើគ្រប់ទិដ្ឋភាព។ សង្គ្រាមនេះ មិនត្រឹមតែបង្កជាអស្ថេរភាពក្នុងសង្គមប៉ុណ្ណោះទេ តែវាបានបន្សល់ជាសោដនាកម្មដល់មនុស្សជាតិ រួមទាំងបានបំផ្លិចបំផ្លាញខ្ទេចខ្ទីនូវហេដ្ឋារចនាសម្ព័ន្ធសង្គមគ្រប់ប្រភេទ ដែលនេះទាមទារពេលវេលាយូរអង្វែងដើម្បីស្តារ និងកសាងឡើងវិញ។ ពិតណាស់ ខ្ញុំសូមគាំទ្រគោលជំហរកម្ពុជាចំពោះវិបត្តិនេះ ដោយនៅតែបន្តលើកទឹកចិត្តអោយមានការដោះស្រាយបញ្ហា តាមច្រកចរចានយោបាយ និងតម្កល់ផលប្រយោជន៍រួមនៃប្រទេសទាំងពីរជាអាទិភាព។ 

លោក ហ៊ុនម៉ានី បានបញ្ជាក់ថា, ជារួម លុះណាយើងម្នាក់ៗ អាចយល់ច្បាស់ពីអត្តន័យសន្តិភាពជាលក្ខណៈនយោបាយផង សេដ្ឋកិច្ចផង ទំនាក់ទំនងការបរទេសផង ព្រមទាំងទំនាក់ទំនងសង្គម និងជីវភាពប្រចាំថ្ងៃប្រជាជនផង ទើបយើងអាចដឹងពីគុណតម្លៃមិនអាចកាត់ថ្លៃបាន នៃសុខសនិ្តភាព ដែលនឹងអាចជំរុញយើងចូលរួមកាន់តែខ្លាំងក្នុងបុព្វហេតុការពារសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ៕

ដោយ : សិលា


ចែករំលែក៖