ព័ត៌មានទាន់ហេតុការណ៍៖

លោក រស់ ផារិទ្ធ ៖ ផ្លូវមួយខ្សែនេះមានសារៈសំខាន់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋសិស្សានុសិស្សក្នុងការធ្វើដំណើរ និងដឹកកសិផលបន្ទាប់ពីទទួលរងការខូចខាតឆ្នាំ២០២២កន្លងទៅនេះ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ លោក រស់ ផារិទ្ធ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពងទឹក ស្រុករំដួលបានថ្លែងថាសមិទ្ធផល ផ្លូវមួយខ្សែក្នុងភូមិសេកយំ ឃុំពងទឹកនេះមានសារៈសំខាន់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋសិស្សានុសិស្សក្នុងការធ្វើដំណើរ ឆ្លងកាត់និងដឹកកសិផល ផ្សេងៗបន្ទាប់ពីទទួលរងការខូចខាតពិបាកក្នុងការធ្វើដំណើរនាឆ្នាំ២០២២កន្លងទៅនេះ។

ការថ្លែងបែបនេះរបស់ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពងទឹក ស្រុករំដួលបានធ្វើឡើងនាព្រឹកថ្ងៃទី២១ខែមករាឆ្នាំ២០២៣ក្នុងពិធីបើកការដ្ឋាន គម្រោងជួសជុលផ្លូវដីក្រាលថ្មបំបែក ប្រវែង ១,៨០០ម៉ែត្រគម្រោងឆ្នាំ២០២២  ឆ្លងកាត់ចំនួន ០២ភូមិ គឺភូមិសេកយំ ប្រវែង ១,៥០០ម៉ែត្រ និងភូមិព្រៃតាយ័ន្តប្រវែង ៣០០ម៉ែត្រ ដោយមានការចូលរួម ដូចជា មន្ត្រីបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធខេត្តប្រចាំស្រុករំដួល តំណាងអ្នកទទួលម៉ៅការក្រុមហ៊ុន និងក្រុមប្រឹក្សាឃុំ ថ្នាក់ដឹកនាំ ភូមិ សេកយំ និង ភូមិព្រៃតាយ័ន្ត ប្រជាការពារភូមិ ប្រជាពលរដ្ឋ ចូលរួមចំនួន ១០០ នាក់ស្រី ៣៩នាក់។

លោក រស់ ផារិទ្ធ បានបន្តថា ផ្លូវមួយខ្សែនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ដែលជាការខិតខំប្រឹងប្រែងរបស់អាជ្ញាធរស្រុកឃុំពងទឹក សម្រាប់ប្រជាពលរដ្ឋធ្វើចរាចរណ៍ឆ្លងកាត់ធ្វើដំណើរទៅមកដើម្បីកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលផងដែរ ដូច្នេះ ផ្លូវថ្នល់គឺជាសរសៃឈាមសេដ្ឋកិច្ចជាតិយ៉ាងសំខាន់ បើយើងមានផ្លូវ គឺយើងបានធ្វើឱ្យសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ហើយសមិទ្ធផលទាំងនេះ គឺផ្តើមចេញពីការយកចិត្តទុកដាក់ពីសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាដែលតែងតែជំរុញដល់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំនៅមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ និងគិតគូរពីជីវភា​ពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងខិតខំកសាងសមិទ្ធផលនានាជូនដល់ប្រជាពលរដ្ឋ។

បន្ថែមពីនេះទៀតលោក រស់ ផារិទ្ធ ជំរុញដល់លោកតាលោកយាយ បងប្អូនប្រជាពលរដ្ឋមានការយកចិត្តទុកដាក់លើការថែរក្សាសុខភាពជាចំបង ជាពិសេស សូមបងប្អូនអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ១៩ ដូសមូលដ្ឋាននិងដូសជំរុញឱ្យបានគ្រប់ៗគ្នាតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសនោះដែរ លោក ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពងទឹក ស្រុករំដួលដើម្បីជារបស់កំដរដៃ ក៏បានផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកចូលរួម ១០០នាក់ ក្នុងម្នាក់ ក្រមា ១ និងបានប្រគេនទេយ្យវត្ថុ ចង្ហាន់ និងបច្ច័យដល់ព្រះគ្រូចៅអធិការវត្តសេកមាសផងដែរ ៕

ដោយ៖ សុថាន


ចែករំលែក៖