ភ្នំពេញ ៖ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា, (ស.ស.ស.ក) បានលើកឡើងថា, «អ្នកតាព្រះចៅ» នៅវត្តភ្នំ មិនមែនជា អ្នកតាចិន ទេ! ខ្ញុំសូមចែករំលែកការពិតមួយឡើងវិញ ហើយបើនៅខ្វះចន្លោះ ក៏សូមជួយបំភ្លឺបន្ថែម៖
១-• តើ «អ្នកតាព្រះចៅ» ជានរណា? ការពិត អ្នកតាព្រះចៅ គឺជារូបព្រះវិស្ណុ ធ្វើពីថ្ម ដែល «លោកយាយពេញ» ឬដូនពេញ រើសបានពីក្នុងគល់គគី នៅដំណាក់កាលកកើតទីក្រុងភ្នំពេញ ហើយក៏ប្រសិទ្ធនាមហៅថា «លោកតាព្រះចៅ ឬ អ្នកតាព្រះចៅ»។
២-• តាមឯកសារស្រាវជ្រាវ ក្នុងសម័យអាណានិគមបារាំង អាស្រមរបស់ អ្នកតាព្រះចៅ គឺធ្វើពីឥដ្ឋ ហើយក៏មានរចនាបថជាខ្មែរដែរ ដោយមានទ្វាបាលឈរអមសងខាង។ ចំណេរបន្តមក ដោយសារមានជនជាតិចិន មានជំនឿលើ អ្នកតាព្រះចៅ គេក៏ធ្វើអាស្រមថ្មីស្រោបពីលើ។ លោករដ្ឋលេខាធិការ បានបន្តថា, ជាបន្តបន្ទាប់ មនុស្សជំនាន់ក្រោយខ្លះ ក៏យល់ច្រឡំថា អ្នកតាព្រះចៅ ជា អ្នកតាចិន។ នៅពេលមានពិធីកាត់ឆុង ឬចូលឆ្នាំចិន មនុស្សម្នានាំគ្នាឡើងទៅសុំពរជ័យពី អ្នកតាព្រះចៅ ហើយក៏មានអ្នកផងខ្លះបានទៅសែនព្រេន ដោយគប់ពង មាន់ទា សែនសាច់ជ្រូកឆៅ ទៅតាមគេប្រាប់ និងតាមជំនឿថាជា «ការកាត់គ្រោះទៅតាម គ្រូហុងស៊ុយ»។
៣-• ការរំលឹកនេះ មិនមែនបន្ទច់បង្អាក់ជំនឿទេ ប៉ុន្តែយើងត្រូវស្គាល់ការពិតឱ្យបានច្បាស់។ «អ្នកតាព្រះចៅ» នៅវត្តភ្នំ ដូនពេញ គឺជាព្រលឹងដូនតាខ្មែរយើងសុទ្ធសាធ 🇰🇭៕
ដោយ ៖ សិលា