ព័ត៌មានទាន់ហេតុការណ៍៖

ផ្អើលអ្នកភូមិទាំងយប់បុរសម្នាក់ដុតម៉ូតូឆេះនៅទួលអ្នកតាក្រហមកក្នុងស្រុកស្វាយទាប

ចែករំលែក៖

   ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិកំពុងដេកលង់លក់នាំគ្នាចេញមកមើលនិងរាយការណ៍ទៅសមត្ថកិច្ចបន្ទាប់ពីមានបុរសម្នាក់មិនស្គាល់អត្តសញ្ញាណបានដុតម៉ូតូមួយគ្រឿងបណ្ដាលអោយឆេះយ៉ាងសន្ធោសន្ធៅរហូតសល់តែគ្រោងឆ្អឹង។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃទី២២ខែមករាឆ្នាំ២០២៣ នៅចំណុចទួលអ្នកតាក្រហមក ស្ថិតក្នុងទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ។

   សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសដែលដុតម៉ូតូនោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេក្រោយពីធ្វើសកម្មភាពរួចបានរត់គេចខ្លួនភ្លាមៗបន្សល់តែម៉ូតូម៉ាកហុងដាឌ្រីម C១២៥ គ្មានស្លាកលេខ លេខតួ  លេខម៉ាស៊ីន ND125ME-9083035បណ្ដាលឱ្យឆេះខូចខាតទាំងស្រុង ។

    បើតាមអ្នកភូមិបានអោយដឹងថា មុនកើតហេតុខណៈរូបលោកនិងក្រុមគ្រួសារកំពុងដេកលង់លក់ក្នុងដំណេកស្រាប់តែធុំក្លិនផ្សែងយ៉ាងខ្លាំងទើបលោកភ្ញាក់ឡើងដើរចេញទៅក្រៅផ្ទះមើលស្រាប់តែឃើញម៉ូតូមួយគ្រឿងកំពុងតែឆេះនៅទួលអ្នកតាក្រហមក ទើបបង្កការភ្ញាក់ផ្អើលតែម្ដង។

   បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកម្ចាស់ម៉ូតូដើម្បីរកមូលហេតុដែលដុតម៉ូតូបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់បែបនេះ៕

ដោយ៖ សុថាន


ចែករំលែក៖