ព័ត៌មានទាន់ហេតុការណ៍៖

កាលពីម្សិលមុិញ ! ប្រជាជនអេស្ប៉ាញប្រមាណ ៣ ម៉ឺននាក់តវ៉ាប្រឆាំង រដ្ឋាភិបាល និងទាមទារឱ្យនាយករដ្ឋមន្រ្តីចុះចេញពីតំណែង

ចែករំលែក៖

ប្រទេសអេស្ប៉ាញ៖ មានការប្រមូលផ្តុំក្រុមមនុស្សចំនួនជាង ១០០ក្រុម រួមទាំងគណបក្សប្រជាជនអភិរក្សនិយម គណបក្សស្តាំនិយមកណ្តាល Ciudadanos និងស្តាំនិយមជ្រុល Vox បានហៅការប្រមូលផ្តុំនេះក្រោមពាក្យស្លោក “ដើម្បីអេស្ប៉ាញ ដើម្បីលទ្ធិប្រជាធិបតេយ្យ និងដើម្បីរដ្ឋធម្មនុញ្ញ”។ 

អ្នកតវ៉ាបានវាយ​ប្រហារ​រដ្ឋាភិបាល​ចំពោះ​គោល​នយោបាយ ​និង​ការ​សម្រេច​ចិត្ត​ជា​ច្រើន​រាប់​ចាប់​តាំង​ពី​ការ​ដោះលែង​អ្នក​ធ្វើ​យុទ្ធនាការ​ឯករាជ្យ​របស់​តំបន់កាតាឡាន់ រហូត​ដល់​កិច្ច​សន្យា​របស់​ខ្លួន​ជាមួយ​នឹង​គណបក្ស​បំបែក​ខ្លួន​ក្នុង​តំបន់កាតាឡាន់ផងដែរ។ បើតាមការប៉ាន់ស្មានដោយរដ្ឋាភិបាល ការតវ៉ានេះមានមនុស្សចូលរួមប្រមាណជា ៣ម៉ឺននាក់។ 

ក្រុមអ្នកតវ៉ាបានសម្រុកចូលទៅកាន់ទីលាន Plaza de Cibeles នៅបរិវេណទល់មុខសាលាក្រុង ដោយធ្វើសកម្មភាពនានាដូចជាការគ្រវីទង់ជាតិអេស្ប៉ាញ ព្រមទាំងអំពាវនាវឱ្យលោកនាយករដ្ឋមន្រ្តី Pedro Sanchez លាលែងចេញពីតំណែង និងស្រែកឮៗខ្លាំងៗថា “ជនក្បត់”។ 

សូមបញ្ជាក់ថា, ប្រជាពលរដ្ឋរាប់ពាន់នាក់បានសម្រុកទៅប្រមូលផ្តុំគ្នានៅកណ្តាលរាជធានីម៉ាឌ្រីត នាថ្ងៃសៅរ៍ ទី២១ ខែមករាម្សិលមិញនេះ ដើម្បីតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលសង្គមនិយម ហើយបានចោទប្រកាន់ថាវាបានធ្វើឱ្យប៉ះពាល់ដល់រដ្ឋធម្មនុញ្ញ ដែលការតវ៉ានេះមានការគាំទ្រដោយគណបក្សស្តាំនិយមក្នុងប្រទេសអេស្ប៉ាញ។ 

ដោយឡែក នៅចម្ងាយប្រមាណជា ២០០គីឡូម៉ែត្រ ភាគឥសាន្តនៃប្រទេសអេស្ប៉ាញ ក្នុងទីក្រុង Valladolid ឯណោះវិញ លោកនាយករដ្ឋមន្រ្តី Pedro Sanchez បាននិយាយក្នុងការជួបជុំអ្នកគាំទ្រក្រុមសង្គមនិយមថា ក្រុមអ្នកតវ៉ានៅទីក្រុង Madrid កំពុងការពារទម្រង់់នៃអ្វីដែលហៅថាជាការរើសអើងឱ្យនៅតែមាននៅក្នុងប្រទេសអេស្ប៉ាញ។

 គួរឱ្យដឹងថា កាលពីខែមិថុនា ឆ្នាំ២០២១ រដ្ឋាភិបាលរបស់លោក Sanchez បានលើកលែងទោស​ និងដោះលែងចេញពីពន្ធនាគារចំពោះមេដឹកនាំប្រាំបួននាក់នៃការទាមទារឯករាជ្យកាលពីឆ្នាំ ២០១៧ នៃតំបន់កាតាឡាន់ដែលរងបរាជ័យ ដោយលោកបានលើកឡើងថា ការដោះលែងនេះធ្វើឡើង “ក្នុងស្មារតីនៃការសន្ទនា”។

លោក Santiago Abascal មេដឹកនាំគណបក្ស Vox ដែលជាមេដឹកនាំគណបក្សនយោបាយតែមួយគត់មានវត្តមានក្នុងការតវ៉ានេះបានប្រាប់ហ្វូងមនុស្សថារដ្ឋាភិបាលបាន “ជាន់ឈ្លីរដ្ឋធម្មនុញ្ញដោយការចាក់សោជនជាតិអេស្ប៉ាញ” ដោយផ្អែកទៅលើវិធានការបិទខ្ទប់អំឡុងការផ្ទុះឡើងនូវវីរុសកូវីដ-១៩៕

ដោយ ៖ សហការី


ចែករំលែក៖