ខេត្តសៀមរាប៖ ដោយបានចាប់ផ្តើមតាំងពីឆ្នាំ២០១៦ មកដល់ឆ្នាំ២០២៣នេះ អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន កំពុងអនុវត្តគម្រោងជួសជុលដំណាក់កាលទី២ ស្ពានហាលខាងមុខប្រាសាទអង្គរវត្ត ដើម្បីលើកតម្លៃ រក្សាទម្រង់ដើមរបស់សំណង់បុរាណ ឱ្យមានសភាពរឹងមាំឡើងវិញ សម្រេចបានលទ្ធផលប្រមាណ៩០ភាគរយហើយ ។
បើតាមលោក សាតុរឹ មីវ៉ា (Satoru MIWA) តំណាងមជ្ឈមណ្ឌលអាស៊ី សូហ្វីយ៉ា និងជាប្រធានការដ្ឋានជួស ជុលស្ពានហាលប្រាសាទអង្គរវត្តឱ្យដឹងថា គម្រោងជួស ជុលស្ពានហាលប្រាសាទអង្គរវត្ត ដំណាក់កាលទី២នេះ មានប្រវែងសរុបជិត១០០ម៉ែត្រ ខណៈដំណាក់កាលទី១ បានជួសជុសប្រវែង ១០០ម៉ែត្ររួចមកហើយ នៅផ្នែកខាងកើត ខណៈការងារជួសជុលនៅផ្នែកខាងលិច ក៏ជិតរួចរាល់ជាស្ថាពរ។
លោក សាតុរឹ មីវ៉ា បានបន្តថា បើពិនិត្យតាមស្ថានភាពជាក់ស្តែង ដំណើរការជួសជុលស្ពានហាលមកដល់ខែមករា នេះ សម្រេចបានប្រមាណ ៩០ភាគរយហើយ ក្នុងនោះ ក្រុមការងារ អាចនឹងប្រើប្រាស់ពេលវេលាបន្ត យ៉ាងហោចណាស់១ឆ្នាំទៀត ដើម្បីបញ្ចប់ការងារទាំងនេះ ។
លោក សាតុរឹ មីវ៉ា បានឱ្យដឹងទៀតថា ក្នុងដំណើរការជួសជុលស្ពានហាលប្រាសាទអង្គរវត្ត បញ្ហាប្រឈមខ្លះៗតែងតែជួបប្រទះ ទោះបីស្ថិតក្នុងស្ថានភាព នៃជំងឺឆ្លងកូវីដ-១៩ រយៈពេល២ឆ្នាំជាង ប៉ុន្តែសកម្មភាព នៃការជួសជុលនៅតែបន្ត បញ្ហាទឹកភ្លៀងនារដូវវស្សា ជាពិសេសស្ពានហាលមានកសិន្ធុទឹកព័ទ្ធជុំវិញពិបាកក្នុងការជួសជុល ។
លោក សាតុរឹ មីវ៉ា តំណាងមជ្ឈមណ្ឌលអាស៊ី សូហ្វីយ៉ា បានសម្តែងក្តីសប្បាយរីករាយនៅពេលបានជួយដល់កម្ពុជា ក្នុងការងារជួសជុលស្ពានហាល និងគម្រោងអភិរក្សផ្សេងៗទៀត។ ក្នុងនោះលោកសង្កេតឃើញថា អាជ្ញាធរជាតិអប្សរា បានខិតខំយ៉ាងខ្លាំងក្នុងការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ជាពិសេសការកសាងសមត្ថភាពធនធានមនុស្ស រហូតដល់ការអនុវត្តគម្រោងនៅតាមការដ្ឋាននីមួយៗ មិនចាំបាច់ពឹងផ្អែកលើបរទេសដូចពេលមុនឡើយ ។
ចាប់តាំងពីឆ្នាំ១៩៨៩មក សាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន បានចូលរួមចំណែកជាមួយអាជ្ញាធរជាតិអប្សរា ធ្វើសកម្មភាពជាច្រើនជួយដល់មរណីយដ្ឋានអង្គរ ទាក់ទងនឹងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកបុរាណវិទ្យា និងផ្នែកស្ថាបត្យកម្ម ការធ្វើកំណាយស្រាវជ្រាវនៅប្រាសាទបន្ទាយក្តី កម្មវិធីអប់រំបេតិកភណ្ឌដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សរស់នៅជុំវិញតំបន់អង្គរ ការផ្តួចផ្តើមបង្កើតសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ជាដើម ៕
ដោយ៖ សូរិយា