ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃអង្គារទី២៤ ខែមករា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី២៣ មករាម្សិលមិញនេះ បានបញ្ជាក់ថា ចំនួនគោលដៅសរុប ៣១គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥០៥គ្រឿង ម៉ូតូ ១៨១គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៨២គ្រឿង មានម៉ូតូចំនួន ៣១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ ដូច្នេះគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង !
របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ។
ជាមួយគ្នានោះ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣បណ្តាល ឱ្យមនុស្សស្លាប់ ១០នាក់ របួសធ្ងន់ ១១នាក់ (ស្រី ៤នាក់) របួសស្រាល ៧នាក់ (ស្រី ៣នាក់) ។
ជាក់ស្ដែងយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ នៅថ្ងៃទី២៣ ខែមករា បានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ២៨នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ១៥លើក ៕
ដោយ៖សហការី