ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធការគ្រប់គ្រង និងប្រើប្រាស់ហត្ថពលកម្មបរទេសដល់សហគ្រាស គ្រឹះស្ថាននៅក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក មន្ទីរ អង្គភាពក្នុងខេត្ត និងតំណាងសហគ្រាស គ្រឹះស្ថានក្នុងខេត្តព្រះសីហនុ ចំនួន៦៦ មានដូចជា សណ្ឋាគារ និងការស៊ីណូ នេះបើយោងតាមអង្គភាពយើងទើបតែទទួលបានពីរដ្ឋបាលខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី២៥ខែមករាឆ្នាំ២០២៣នេះ។
លោក យ៉ូវ ខេមរា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ចាជីវៈខេត្តព្រះសីហនុ បានធ្វើបទបង្ហាញ
១.ទិដ្ឋភាពច្បាប់ពាក់ព័ន្ធនានា
២.បែបបទនិតិវិធីនៃការស្នើសុំប័ណ្ណការងារជនបរទេសប្រចាំឆ្នាំ
៣.ការចុះធ្វើអធិការកិច្ចចម្រុះហត្ថពលកម្មបរទេស
៤.ការផាកពិន័យ
៥.ការប្រើប្រាស់សេវាសាធារណរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:
៦.បញ្ហាប្រឈម
៧.សំណូមពរ។ ការផ្សព្វផ្សាយនេះ វាមានសារសំខាន់ណាស់ ដើម្បីឱ្យម្ចាស់សណ្ឋាគារ កាស៊ីណូបោះទីតាំងក្នុងខេត្តព្រះសីហនុចូលរួមអនុវត្តច្បាប់កម្ពុជាឱ្យមានប្រសិទ្ធិភាព។
លោក អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា គោលបំណងផ្សព្វផ្សាយខាងលើ ដើម្បីគណៈកម្មការអន្តរក្រសួងជម្រុញត្រួតពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេស និងដាក់ចេញផែនការសកម្មភាពរយៈពេល ៦ខែ ពីចាប់ពីខែមករា ដល់ខែមិថុនា ដោយបែងចែកជាពីរដំណាក់កាល ដំណាក់កាលទី១.ផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងរបស់សហគ្រាស គ្រឹះស្ថានរយៈពេល ៣ខែ ចាប់ពីខែមករា ដល់ខែមីនា ២០២៣ ស្តីពីគោលការណ៍វិធានការច្បាប់ ស្តីពីការងារ ច្បាប់ស្តីពីអន្តោប្រវេសន៍ និងបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានាក្នុងការគ្រប់គ្រងហត្ថពលកម្មបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យមានការយល់ដឹង និងចូលរួមអនុវត្តច្បាប់គ្រប់ៗគ្នា ទន្ទឹមនោះត្រូវរៀបចំបញ្ជីស្វ័យត្រួតពិនិត្យសហគ្រាស គ្រឹះស្ថានប្រើប្រាស់ហត្ថពលកម្មបរទេស ឱ្យម្ចាស់ ឬនាយក សហគ្រាស គ្រឹះស្ថានដែលប្រើប្រាស់ហត្ថពលកម្មបរទេស ធ្វើស្វ័យប្រកាសមករដ្ឋបាលរាជធានី ខេត្ត មុនថ្ងៃទី១៥ ខែមីនា ២០២៣ ដំណាក់កាលទី២.ជាដំណាក់កាលចុះប្រតិបត្តិការអធិការកិច្ចនៅតាមសហគ្រាស គ្រឹះស្ថានដែលប្រើប្រាស់ហត្ថពលកម្មបរទេសដោយផ្អែកតាមស្វ័យរបាយការណ៍ និងប្រតិទិនការងាររយៈពេល ៣ខែ ចាប់ពីខែមេសា ដល់ខែមិថុនា ២០២៣ អនុវត្តតាមគោលការណ៍ច្បាប់ឱ្យបានរលូន និងមានប្រសិទ្ធិភាព ទន្ទឹមនោះយើងត្រូវប្រមូលព័ត៌មានគ្រប់ជ្រង់ជ្រោយ ត្រៀមកម្លាំង ឧបករណ៍ សម្ភារៈ បច្ចេកទេស និងកិច្ចអន្តរាគមន៍ក្នុងករណីចាំបាច់នានា។ រៀបចំបញ្ជីគោលដៅ លិខិតជូនដំណឹងដល់ម្ចាស់គោលដៅ ផ្អែកតាមស្វ័យរបាយការណ៍នៃសហគ្រាស គ្រឹះស្ថានដែលបានប្រើប្រាស់ហត្ថពលកម្មបរទេស។
លោកបានបញ្ជាក់ថា យើងមិនមានការអនុគ្រោះទៀតទេ ដើម្បីឱ្យម្ចាស់សហគ្រាស គ្រឹះស្ថានដែលមានទីតាំងក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា ហើយការចុះអនុវត្ត គឺយើងពិនិត្យដំបូងគេ គឺកន្លែងណាធំ ដើម្បីធ្វើជាគំរូដោយមិនទុកឱកាសឱ្យត្រីងៀតស្លៀតពង ឬកន្ទេលធំប្រឡំដេកនោះទេ សូមអស់លោក លោកស្រីដែលជាតំណាងពេលត្រឡប់ទៅវិញត្រូវរាយការណ៍ជូនថៅកែ ឬម្ចាស់សណ្ឋាគារ កាស៊ីណូ ព្រោះយើងមិនស្វាគមន៍អ្នកដែលមិនគោរពច្បាប់នោះទេ រដ្ឋបាលខេត្តនឹងចាត់វិធានការតាមផ្លូវច្បាប់។
ទន្ទឹមនោះលោក ក៏បានផ្តល់ឱកាសឱ្យតំណាងសហគ្រាស គ្រឹះស្ថានលើកជាសំណួរ ចម្ងល់ ដើម្បីរួមគ្នាទទួលខុសត្រូវ ព្រមទាំងណែនាំឱ្យមន្ទីរការងារធ្វើលិខិតអញ្ជើញម្ចាស់សហគ្រាស គ្រឹះស្ថាននៅក្នុងខេត្តព្រះសីហនុ ចូលរួមការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធការគ្រប់គ្រង និងប្រើប្រាស់ហត្ថពលកម្មបរទេសដល់សហគ្រាស និងគ្រឹះស្ថានទូទាំងខេត្តព្រះសីហនុ ឱ្យបានគ្រប់ៗគ្នានៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខ៕
ដោយ៖ចន្ទ លីហ្សា