ព័ត៌មានទាន់ហេតុការណ៍៖

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អនុញ្ញាតឱ្យលោក ដាទុក អែលឌីន ហ៊ូស៊ៃនី ម៉ូដហាសុីម Datuk Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូតនៃប្រទេសម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារ

ចែករំលែក៖

ខេត្តព្រះសីហនុ៖  យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃទី២៧ ខែមករាឆ្នាំ២០២៣នេះបានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុបាន អនុញ្ញាតឱ្យលោក Datuk Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូត នៃប្រទេសម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក ដាតុស្រី អាប់ដុល ចាលីល ប៊ីនហាស់សាន់ Data’s Sri Abb Jalil Bin Hassan ស្នងការនគរបាលនៃប្រទេសម៉ាឡេស៊ី ចូលជួបពិភាក្សាការងារ ស្តីពីការជួញដូរមនុស្សដែលកិច្ចពិភាក្សាគ្នានោះធ្វើនៅសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងក្រុង លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ។

 លោក ម៉ាង ស៊ីណេត អភិបាលរងខេត្ត បានស្វាគមន៍ប្រតិភូដែលបានអញ្ជើញមកទស្សនកិច្ចនៅខេត្តព្រះសីហនុ និងបានជម្រាបជូនពីស្ថានភាព វិទ្យាសាស្ត្ររបស់ខេត្តព្រះសីហនុ មានធនធានធម្មជាតិជាច្រើនដូចជាកោះ៣២ ឆ្នេរសមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ ខេត្តចែកជា៥ក្រុង/ស្រុក ២៩ឃុំសង្កាត់។ ក្នុងឆ្នាំ២០២២ ខេត្តព្រះសីហនុមានអត្រាកំណើនសេដ្ឋកិច្ច ២.៣ភាគរយ និងអត្រាភាពក្រីក្រធ្លាក់ចុះ ១,៨៦ភាគរយ ផ្អែកលើប្រភពសក្តានុពលរបស់ខេត្តព្រះសីហុ មានដូចជាតំបន់អភិវឌ្ឍន៍កសិកម្ម (មានដូងប្រេង កៅស៊ូ) វិស័យទេសចរណ៍ តំបន់ឧស្សាហនកម្ម ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេសចំនួន៥ ខេត្តមានផ្លូវគមនាគមន៍ ផ្លូវទឹក ផ្លូវគោក និងអាកាស ពិសេសកំពង់ផែសមុទ្រទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវដែក ផ្លូវជាតិ និងវិស័យអចលនទ្រព្យ និងសំណង់។

 លោកអភិបាលរងខេត្តបានបន្តថា ប្រជាពលរដ្ឋម៉ាឡេស៊ីមកធ្វើការស្នាក់នៅខេត្តព្រះសីហនុ គិតត្រឹមថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ស្នាក់នៅរយៈពេលវែងមានចំនួន៤៦៨នាក់ ស្រី៩៥នាក់ បម្រើការងារនៅកាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ខុនដូ សហគ្រាស រោងចក្រ គ្រឹះស្ថានសិក្សា សហគមន៍ និងប្រកបអាជីវកម្មជាដើម។ ខេត្តព្រះសីហនុទទួលពាក្យបណ្តឹងតាមរយផេកហ្វេសបុ៊កផ្លូវការរបស់សម្តេចក្រឡាហោម និង Hotline១១៧ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក៍ដូចតាមរយៈពាក្យបណ្តឹងនានាចូលមករដ្ឋបាលខេត្ត ជាលទ្ធផលប្រតិបត្តិការចាប់ពីថ្ងៃទី៣ ខែតុលា ២០២២ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ខេត្តបានទទួលពាក្យបណ្តឹង២៣ តាមរយៈវេសបុ៊កផេកសម្តេចក្រឡាហោម ២១បណ្តឹង តាមរយ:បណ្តឹង Hotline ១១៧ របស់អគ្គស្នងការដ្ឋាននគរបាលជាតិចំនួន ៦បណ្តឹង តាមរយៈHotline ជនបរទេស១បណ្តឹង ក្នុងនោះក៍មានបណ្តឹងមកគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តចំនួន ៣ករណីផងដែរ។

 លោក ដាតុស្រី អាប់ដុល ចលីល ប៊ីនហាស់សាន់ (Data’s Sri Abb Jalil Bin Hassan) ស្នងការនគរបាលនៃប្រទេសម៉ាឡេស៊ី បានថ្លែងអំណរអគុណចំពោះការរៀបចំកិច្ចប្រជុំនេះឡើង ស្ថិតក្នុងស្ថានភាពកូវីដយើងនៅតែបានជួបប្រជុំពិភាក្សាគ្នា ដែលស្ថានទូតម៉ាឡេស៊ីបានសហការសម្របសម្រួលកិច្ចប្រជុំនេះ។ យើងបានដឹងហើយថា ការជួញដូរមនុស្សជាក្តីកង្វល់ និងធ្វើឱ្យមានការប៉ះពាល់ដល់ពិភពលោក ប្រទេសម៉ាឡេស៊ីបានខិតខំប្រឹងប្រែងប្រឆាំងនឹងការជួញដូរមនុស្ស ដោយផ្អែកនឹងច្បាប់ យើងទទួលបានដំណឹងពីការជួញដូរមនុស្សពីម៉ាឡេស៊ី តាមហេតុផលជនរងគ្រោះបញ្ចាក់ថា មានការជួញដូរ ដោយស្នើសុំការអន្តរាគមន៍ជួយសង្គ្រោះនៅក្រៅប្រទេស ក្នុងនោះក៏មាននៅកម្ពុជាផងដែរ ព្រោះការជួញដូរមនុស្សមិនមែនជាការទទួលខុសត្រូវរបស់ភ្នាក់ងារណាមួយទេ គឺជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា ព្រមទាំងមានការសម្របសម្រួលសហការគ្នារវាងភាគីនៃប្រទេសនីមួយៗផងដែរ។ នេះគឺជាកិត្តិយសនៃការទទួលស្វាគមន៍នាពេលនេះ ក្នុងគោលបំណងស្វែងរកវិធីសាស្ត្រកំណត់ទីតាំងជួយសង្គ្រោះជនរងគ្រោះ ពីការស្នើសុំកិច្ចសហការពីប្រទេសពាក់ព័ន្ធក្នុងការជួយសង្គ្រោះជនរងគ្រោះ ដើម្បីឈានទៅចាប់ខ្លួនជនឆបោក យើងក៏ចង់បានព័ត៌មាន និងបទពិសោធន៍ដើម្បីចែករំលែកផ្សព្វផ្សាយដល់ប្រជាជនម៉ាឡេស៊ីផងដែរ។ សង្ឃឹមថា រដ្ឋាភិបាលម៉ាឡឹស៊ី និងរដ្ឋាភិបាលកម្ពុជា តាមកិច្ចពិភាក្សានេះនឹងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទៅវិញទៅមកប្រឆាំងនឹងការជួញដូរមនុស្សប្រកបដោយប្រសិទ្ធភាពនាពេលខាងមុខ។

   លោក ដាទុក អែលឌីន ហ៊ូស៊ៃនី មូដហាសុីម Datuk Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូត នៃប្រទេសម៉ាឡេស៊ី បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលបានជួយសម្របសម្រួលប្រជាពលរដ្ឋម៉ាឡេស៊ីមកធ្វើការនៅក្នុងខេត្តព្រះសីហនុនាពេលកន្លងមក។ ទន្ទឹមនោះក៏ចង់ឃើញជនជាតិម៉ាឡេស៊ីមកធ្វើការវិនិយោគ និងទេសចរណ៍នៅខេត្តព្រះសីហនុផងដែរ។ លោកសន្យាថា នៅពេលខាងមុខនឹងនាំអ្នកវិនិយោគ និងអ្នកទេសចរចូលជួបពិភាក្សាការងារដើម្បីបង្កើនភាពស្និតស្នាលឱ្យកាន់តែស៊ីជម្រៅ ឈ្វេងយល់សិក្សាលើគម្រោងវិនិយោគនៅខេត្តព្រះសីហនុ និងនាំមកនូវភ្ញៀវទេសចរមកកាន់ខេត្តព្រះសីហនុផងដែរ៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖