ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ សម្ដេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដំណើរដោយ អស់លោកជា រដ្ឋលេខាធិការក្រសួងការពារជាតិ,អស់លោកជា អគ្គមេ បញ្ជាការ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ,អស់លោកជារដ្ឋលេខាធិការ ក្រសួងពាក់ព័ន្ធ,អគ្គនាយកស្ថាប័នជំនាញពាក់ព័ន្ធ នឹងវិស្វករអ្នកជំនាញបច្ចេកទេសសំណង់តំណាងមកពី
សាមីស្ថាប័នក្រសួងដែនដី នគរូបនីកម្មនិងសំណង់ជា ច្រើនរូប បានអញ្ជើញចុះពិនិត្យមើលការដ្ឋានសាងសង់អគារអគ្គបញ្ជាការដ្ឋានថ្មី នៃកងយោធពលខេមរភូមិន្ទ ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រ បឹងតាមោក ” បឹងកប់ស្រូវ ” សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលបច្ចុប្បន្នក្រុមវិស្វករជំនាញឯកទេសសាងសង់កំពុងធ្វើសកម្មភាពយ៉ាងមមាញឹក។
បើតាមសេចក្តីរាយការណ៍របស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ នៅក្នុងកិច្ចប្រជុំពិភាក្សាឆ្លងការងាររៀបចំប្លង់មេដើម្បីចាប់ផ្ដើមដំណើរការសាងសង់ អគាររដ្ឋបាល អគ្គបញ្ជាការដ្ឋានថ្មី និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត រួមជាមួយនឹងទីលានសម្រាប់ប្រារព្ធពិធី ផ្លូវការផ្សេងៗ របង និងផែនការសាងសង់អគ្គបញ្ជាការដ្ឋាន នឹងទីតាំងយុទ្ធសាស្ត្រយូអង្វែងរបស់កងយោធពលខេមរភូមិន្ទ នៅតំបន់បឹងតាមោក “បឹងកប់ស្រូវ” លោកនាយឧត្តមសេនីយ៍ បានបញ្ជាក់អំពីវឌ្ឍនភាពការងារនេះថា ដើម្បីដំណើរការសាងសង់ទីតាំងអគ្គ បញ្ជាការដ្ឋានថ្មី ក្រសួងការពារជាតិ បានបង្កើតគណៈ កម្មការដើម្បីសិក្សា និងរៀបចំសាងសង់ទីតាំងអគ្គ បញ្ជាការដ្ឋាន និងទីតាំងយុទ្ធសាស្ត្រយូរ អង្វែងរបស់កងយោធពលខេមរភូមិន្ទនៅតំបន់បឹងតាមោគ “បឹងកប់ស្រូវ” តាមលិខិតលេខ ០១៩ សសរ កពជ ចុះថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២១ ដើម្បីអនុវត្តតាមកិច្ចសន្យាខាងលើ អំពីការរៀបចំប្លង់មេនិងប្លង់សាងសង់ គណៈកម្មការបានសហការជាមួយក្រុម ការងារនៃក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ រួមជាមួយស្ថាប័នជំនាញពាក់ព័ន្ធ ដោយបានប្រជុំពិភាក្សាគ្នាយ៉ាងល្អិតល្អន់ ជាច្រើន លើក ច្រើនសារ នឹងធ្វើការប្រមូលផ្ដុំរាល់គំនិតជាច្រើនពីថ្នាក់ដឹកនាំតាមរចនាបថបច្ចេកទេសយោធា ព្រមទាំងបានដាក់ឆ្លង ថ្នាក់ដឹកនាំអគ្គមេបញ្ជាការ នៃកងយោធ ពលខេមរភូមិន្ទ ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងប្រមុខរាជរដ្ឋាភិបាល ដើម្បីពិនិត្យនិងសម្រេច ។
លោកនាយឧត្តមសេនីយ៍បានបញ្ជាក់ថា គណៈកម្មការបានវាយតម្លៃថាដើម្បីរៀបចំប្លង់មេស្របតាមយុទ្ធសាស្ត្រ និងចក្ខុវិស័យវែងឆ្ងាយ ត្រូវបានសិក្សាអំពីរចនាបថយុទ្ធ សាស្ត្រយោធា ភូមិសាស្ត្រ និងសភាពការណ៍គ្រប់កាលៈ ទេសៈ ។ នាយឧត្តមសេនីយ៍បញ្ជាក់ថា តាមការគ្រោង ទុកសំណង់អគាររដ្ឋបាលអគ្គបញ្ជាការដ្ឋានថ្មីនេះគ្រោង នឹងសង់លើផ្ទៃដីសរុបប្រមាណជាង ៧៤ ហិចតា ដែលមានប្លង់ទីតាំងរួមចែកចេញជាបីតំបន់ ក្នុងនោះតំបន់ទី ១គ្រោងនឹងសាងសង់ទីលានសួនច្បារនិងអគាររដ្ឋបាល អគ្គបញ្ជាការ ដែលមានកម្ពស់ ៩ ជាន់.សាងសង់សាលប្រជុំធំ ដែលអាចចំណុះមនុស្សរហូតដល់ទៅ ២១៤៥ នាក់ “កៅអី”.អគារមន្ទីរអដ្ឋកោណថ្នាក់យុទ្ធសាស្ត្រសម្រាប់ប្រើប្រាស់កម្រិតធម្មតា ទី១ ទី ២ និងទី ៣ និងកម្រិតយុទ្ធសាស្ត្រជាតិ ដែលចំពោះមុខគ្រោងនឹងរៀបចំតែអគារនៅលើ មានកម្ពស់បីជាន់ ។ នៅផ្នែកសង្ខាង នៃអគាររដ្ឋបាល អគ្គបញ្ជាការថ្មី ក៏គ្រោងនឹងរៀបចំកន្លែងតាំងពិពណ៌របស់អគ្គបញ្ជាការដ្ឋាន គ្រោងរៀបចំចំណតយានយន្តនៅផ្នែកសួនក្បែរផ្លូវខាងក្នុង ដែលអាចចតរថយន្តបានចំនួន ៦៦០ គ្រឿង និងរៀបចំចំណតទោ ចក្រយានយន្ត នៅក្បែរផ្លូវជាប់របងសង្ខាង ដែលអាចចតទោចក្រយានយន្តបានចំនួន ៤៤០គ្រឿង ។
ជាមួយគ្នានោះដែរគណៈកម្មការ បានគ្រោងសាងសង់នៅអគារ និវេស្សនដ្ឋានសម្រាប់ថ្នាក់ដឹកនាំអគ្គមេបញ្ជាការ និងនាយសេនាធិការចម្រុះចំនួន ២ខ្នង អមសង្ខាងនៃអគារអដ្ឋកោណបែកខាងក្រោយជាប់នឹងរបងតំបន់ទី២។ រីឯតំបន់ទីបី គ្រោង និងសាងសង់ទីលានវេទិការ សម្រាប់ធ្វើពិធីព្យុះហយាត្រាក្នុងពិធីបុណ្យធំៗ និងអគារស្នាក់នៅរបស់នាយទាហាន នាយទាហានរង និងពលទាហាន កងការពារ កងអន្តរាគមន៍ និងទីបញ្ជាការកងពលតូច និងផ្ទះស្នាក់នៅរបស់កងអន្តរាគមន៍ រួមនឹងដីបម្រុងទុកសម្រាប់ដាំដើមឈើ នឹងនៅមានហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើនទៀតដែលនឹងត្រូវសាងសង់ឡើងសម្រាប់អគ្គបញ្ជាការដ្ឋានថ្មីនេះ ។
រហូតមកទល់ពេលនេះក្រោយពីបានសិក្សាលំអិតចប់សព្វគ្រប់ក្រុមជំនាញបាននឹងកំពុងបំពេញការងារយ៉ាងមមាញឹកក្នុងការជីករណ្ដៅយកដី ដើម្បីចាក់បំពេញផ្ទៃបឹងលើទំហំដីសរុប ប្រមាណជាង ៧២ ហិចតា ដែលរហូតមកទល់ពេលនេះយើងបានចាក់បំពេញបានប្រមាណជា ៨០% ហើយ ។
ក្នុងឱកាសពិនិត្យមើលការងារសាងសង់ទីតាំងអគារអគ្គបញ្ជាការថ្មីនាពេលនោះសម្ដេចពិជ័យសេនាទៀ បាញ់ បានផ្ដល់អនុសាសន៍ ដល់គណៈកម្មការសាងសង់និងក្រុមវិស្វករជំនាញបច្ចេកទេស សម្រាប់គម្រោងសាងសង់អាគាររដ្ឋបាល ទីតាំងអគ្គបញ្ជាការដ្ឋានថ្មីនេះ នឹងមានការផ្លាស់ប្ដូរលើចំណុចជាច្រើន ទៅតាមការកែសម្រួល និងលក្ខខណ្ឌចាំបាច់ នៃតម្រូវការប្រើប្រាស់ថវិកា ដើម្បីធានាដល់ការសាងសង់ឲ្យមានទាំងគុណភាព សោភ័ណភាព សន្តិសុខ៕
ដោយ៖ សូរិយា