ក្រុម Barcelona បានវាយបកតាមពីក្រោយដើម្បីយកឈ្នះ Real Madrid ៥ទល់២ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Spanish Super Cup នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ មករានេះ ដែលការឈ្នះនេះគឺជាការឈ្នះលើកទី១៥របស់ក្រុម Barcelona។
ខ្សែប្រយុទ្ធ Kylian Mbappe បានជួយឱ្យ Real Madrid នាំមុខដោយការស៊ុតបាល់បញ្ចូលទីដ៏អស្ចារ្យត្រឹមនាទីទី៥ ដោយស៊ុតបាល់ផុតជើងខ្សែការពារកណ្តាលចូលទីបានសម្រេច។ ភ្លាមៗ Lamine Yamal បានតាមស្មើឱ្យ Barcelona នៅនាទីទី២២ជាមួយនឹងជំនាញបញ្ចប់ទីយ៉ាងល្អពីការបញ្ជូលបាល់របស់ Robert Lewandowski ។
បន្ទាប់មកក្រុមរបស់លោក Hansi Flick រកគ្រាប់បាល់នាំមុខវិញនៅនាទីទី៣៦ ពីការស៊ុតបាល់ពិន័យប៉េណាល់ទីពីសំណាក់ខ្សែប្រយុទ្ធប៉ូឡូញ Lewandowski បន្ទាប់ពី Gavi ត្រូវបានបង្កកំហុសនៅតំបន់គ្រោះថ្នាក់ និងគ្រាប់ទី៣ពីការតែតបាល់បញ្ចូលទីរបស់ Raphinha នៅ៣នាទីក្រោយមក។
បន្ទាប់មក ខ្សែបម្រើស្លាបសញ្ជាតិប្រេស៊ីលរូបនេះបានបង្កើតឱកាសមួយគ្រាប់ទៀតនៅក្នុងម៉ោងបន្ថែមនាទីទី៤៥+១០ ដោយបានបញ្ជូលបាល់ឲ្យកីឡាករ Alex Balde ស៊ុតបញ្ចូលទីគ្រាប់បាល់ទី៤នៃការប្រកួតនេះ។
ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុម Barcelona បន្តមានឱកាសបន្ថែមទៀតដោយរកបានគ្រាប់បាល់ទី៥នៅនាទីទី៤៨ តាមរយៈការរកគ្រាប់បាល់របស់ខ្សែបម្រើស្លាបសញ្ជាតិប្រេស៊ីលRaphinha ពីការបញ្ជូនរបស់ Marc Casadó។
ជាមួយគ្នានោះអ្នកចាំទី Szczesny បានកំហុសប៉ះជាមួយកីឡាករ Mbappe នៅក្រៅប្រអប់នៅនាទីទី៥៦ធ្វើឲ្យអាជ្ញាកណ្តាលផ្តល់កាតក្រហម ដែលផ្តល់ឱកាសឲ្យខ្សែប្រយុទ្ធប្រេស៊ីល Rodrygo ស៊ុតទាត់បាល់ពិន័យ Free-kick ចូលទីបានសម្រេចនៅនាទីទី៦០ជួយ Real Madrid រកបានគ្រាប់បាល់ទី២នៃការប្រកួតហើយលទ្ធផល ៥ទល់២នេះបានបន្តរហូតដល់ចប់ការប្រកួត។
នេះជាលើកទីពីរក្នុងការប្រកួត Clasico ក្រោមការដឹកនាំរបស់លោក Flick ដែល Barcelona បានស៊ុតបញ្ចូលទីបានច្រើនគ្រាប់ទល់នឹងគូប្រជែងរបស់ពួកគេ ដោយឈ្នះ ៤-០ នៅ Bernabeu ក្នុងក្របខ័ណ្ឌ La Liga កាលពីខែតុលា។ វាក៏ជាពានរង្វាន់ដំបូងរបស់គាត់ផងដែរ ទោះបីវាជារឿងតូចតាចក៏ដោយ ចាប់តាំងពីការឈ្នះពាន Bundesliga ២០២០-២០២១ ជាមួយ Bayern Munich។
លទ្ធផលនៅ King Abdullah Sports City ប្រទេសអារ៉ាប៊ីសាអ៊ូឌីតមានការភ្ញាក់ផ្អើលបន្តិច ដោយចាត់ទុកថា Real Madrid គឺជាក្រុមដែលមានទម្រង់លេងល្អជាង។ Barcelona បានឈ្នះតែមួយប្រកួតប៉ុណ្ណោះក្នុងចំណោមការប្រកួត La Liga ចុងក្រោយរបស់ពួកគេចំនួន៥ពិន្ទុ និងតាមពីក្រោយក្រុម Real ដល់ទៅ៥ពិន្ទុក្នុងតារាង ដោយក្រុម Atletico Madrid ឈរនៅលើកំពូលតារាងមួយពិន្ទុ។
ក្រុមរបស់លោក Carlo Ancelotti បានឈ្នះការប្រកួតចំនួន៥ចុងក្រោយរបស់ពួកគេនៅក្នុងការប្រកួតទាំងអស់ ហើយត្រូវបានផ្តួលចុងក្រោយនៅថ្ងៃទី១៤ ខែធ្នូ។
ចំណែកអ្នកចាំទី Szczesny កំពុងបង្ហាញខ្លួនជាលើកទី៣របស់គាត់សម្រាប់ក្លិប Barcelona ដោយបានរង់ចាំជាច្រើនខែសម្រាប់ឱកាសមួយបន្ទាប់ពីបានចេញពីការចូលនិវត្តន៍ដើម្បីចុះហត្ថលេខានៅដើមរដូវកាលនេះ។ គាត់បានរក្សា Clean Sheet ក្នុងពីរប្រកួតដំបូង ប៉ុន្តែកាតក្រហមជាប់ៗគ្នា។
រីឯគ្រាប់បាល់ពីរដងរបស់ Raphinha អតីតខ្សែបម្រើស្លាបរបស់ Leeds ធ្វើឱ្យគាត់រកបាន១៩គ្រាប់សម្រាប់រដូវកាលនេះ ខណៈដែល Lewandowski បន្តរហូតដល់២៦គ្រាប់។ នេះជាការប្រកួត Clasico Super Cup លើកទី៣ជាប់ៗគ្នារវាងក្រុមខ្លាំងទាំង២ ដោយ Barcelona ឈ្នះ ៣-១ កាលពីឆ្នាំ២០២៣ ហើយ Real Madrid ឈ្នះ ៤-១ កាលពីឆ្នាំមុន។ សរុបមក Barcelona នៅតែជាអធិរាជពាន Spanish Super Cup ដែលឈ្នះច្រើនជាងគេ(១៥ដង) ខណៈដែល Real Madrid ឈរលេខ២ ឈ្នះ១៣ដង៕
ដោយ៖ ភារៈ(រូបភាព ៖ BBC)