ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាលនឹងការពារមិនឱ្យមានជម្លោះសាសានា កើតមាននៅលើទឹកដីកម្ពុជា ជាដាច់ខាត

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា  នៅក្នុងពេលវេលាដែលឆ្លងកាត់អស់រយៈពេលជាង ៤០ឆ្នាំកន្លងមក រាជរដ្ឋាភិបាលតែងផ្តល់លទ្ធភាពគ្រប់បែបយ៉ាង ដោយផ្តល់សិទ្ធិនូវជំនឿ និងសាសនា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប១០០ឆ្នាំនៃគ្រិស្តសាសនា «មរតកដំណឹងល្អ ១០០ឆ្នាំ(១៩២៣-២០២៣)» នៅកម្ពុជា ដែលពិធីនេះធ្វើឡើងនៅបរិវេណមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា , គ្រប់មនុស្សអាចមានសិទ្ធិទៅលើជំនឿគ្រប់សាសនាណាបានទាំងអស់ ហើយប្រឆាំងជាមួយអ្នករើសអើងនានា ដោយមិនអោយទឹកដីកម្ពុជា មានភាពញ៉ាំញីទៅដោយជំនឿសាសនាជាដាច់ខាត ឬបែកបាក់ជាតិសាសន៍ និងសាសនា ដែលមហន្តរាយដ៏ធំ ដែលមិនត្រូវឱ្យកើតមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា នោះទេ។ 

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចូលរួមអបអរ និងអំណររីករាយចំពោះវត្តមាននៃសាសនាគ្រិស្ត ១០០ឆ្នាំនៅកម្ពុជា។

ដើម្បីចូលរួមនេះសម្ដេចតេជោបានចូលរួមដោយផ្ទាល់នៅក្នុងការប្រារព្ធខួប ១០០ឆ្នាំនៃវត្តមានសាសនាគ្រិសនៅកម្ពុជា នៅកោះពេជ្រ ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។

ក្នុងពិធីនេះសម្ដេចតេជោបានថ្លែងថា៖ «ពិធីជួបជុំនេះគឺជាការបង្ហាញឲ្យឃើញនូវការរីកចម្រើននៅជំនឿគ្រិស្តសាសនានៅកម្ពុជាក្រោមម្លប់សន្តិភាព»។

សាសនាគ្រិស្តបានចូលមកកម្ពុជាដំបូងនៅក្នុងឆ្នាំ១៩២៣ ដើរចិត្តមកដល់ពេលនេះគឺមានអាយុកាល ១០០ឆ្នាំហើយ បច្ចុប្បន្នមានសមាជិកសាសនានៅកម្ពុជាចំនួន ១១៤ ៤០២ នាក់បានចុះបញ្ជី៕

ដោយ ៖ សិលា


ចែករំលែក៖