ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចក្រឡាហោម ស ខេង ៖ ក្រសួងមហាផ្ទៃចេញសេចក្តីសម្រេចចាត់តាំងក្រុមការងារដេីម្បីត្រួតពិនិត្យនិងជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេច ស្តីពីការចាត់តាំងក្រុមការងារត្រួតពិនិត្យនិងជំរុញ ការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃនៅថ្នាក់ក្រោមជាតិ មានចំនួន ២៤ក្រុម ក្នុងចំណោម ២៥រាជធានី-ខេត្ត ។ 

លេខាធិការដ្ឋានក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដែលស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ ជាលេខាធិការដ្ឋាននៃក្រុមការងារនេះ។

ក្រុមការងារត្រួតពិនិត្យនិងជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃនៅថ្នាក់ក្រោមជាតិ មានតួនាទីភារកិច្ចដូចខាងក្រោម៖

-សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ដើម្បីរៀបចំការផ្សព្វផ្សាយគោល នយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ជូនដល់មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច សមាគម អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឱ្យបានជ្រួតជ្រាប និងចូលរួមអនុវត្ត។

-សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត រៀបចំគោលការណ៍ វិធានការ និងផែនការអនុវត្តតាមដំណាក់កាលនីមួយៗ សហការណែនាំដល់ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ឱ្យរៀបចំផែនការសកម្មភាពជាក់ស្ដែងដើម្បី អនុវត្តផែនការសកម្មភាព។

– រួមជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត និងអ្នកពាក់ព័ន្ធនានា ដើម្បីតាមដាន ត្រួតពិនិត្យ វាយតម្លៃ និងជំរុញការអនុវត្តផែនការសកម្មភាពតាមដំណាក់កាលនីមួយៗ និងជំរុញ ឱ្យក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ចាត់ចែងអនុវត្តឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ។ 

– សហការដឹកនាំជំរុញឱ្យមានចលនាប្រឡងប្រណាំងតាមរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដើម្បីវាយតម្លៃលក្ខណសម្បត្តិរបស់ភូមិ ឃុំ សង្កាត់ និងបុគ្គលដែលមានស្នាដៃក្នុងការចាត់តាំងអនុវត្តចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ស្ថិត ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ។

– ធ្វើការបូកសរុបវាយតម្លៃសភាពការណ៍ និងលទ្ធផលប្រតិបត្តិការ ព្រមទាំងចំណាត់ថ្នាក់ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ប្រចាំខែជូនមកក្រសួងមហាផ្ទៃតាមរយៈលេខាធិការដ្ឋានដោយផ្អែកលើ តារាងទិន្នន័យដែលបានកំណត់ដោយក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ- ឃុំ-សង្កាត់ មានសុវត្ថិភាព» ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ។

– រៀងរាល់បីខែម្ដង ត្រូវត្រួតពិនិត្យវាយតម្លៃលទ្ធផលការងារ បញ្ហាប្រឈម និងវិធានការដោះស្រាយ ដើម្បីពង្រឹងបន្ថែមការអនុវត្តការងារ ព្រមទាំងដាក់ចេញនូវទិសដៅការងារសម្រាប់រយៈពេលបន្ត ទៀត។

– ក្នុងការអនុវត្តការងារខាងលើនេះ ក្រុមការងារត្រូវសហការជាមួយលេខាធិការដ្ឋានក្រុមប្រឹក្សា ប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»។ បំពេញភារកិច្ចផ្សេងៗទៀតតាមការចាំបាច់។

លេខាធិការដ្ឋានមានតួនាទីភារកិច្ចដូចខាងក្រោម៖

– ធ្វើសេនាធិការជូនក្រសួងមហាផ្ទៃក្នុងការតាមដានត្រួតពិនិត្យការចាត់តាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ព្រមទាំងផ្តើមស្នើគោលការណ៍ វិធានការនានាជូនក្រសួងមហាផ្ទៃ ដើម្បីជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ។

– ជួយក្រសួងមហាផ្ទៃក្នុងការផ្សព្វផ្សាយផែនការ គោលការណ៍ផ្សេងៗរបស់ក្រសួងមហាផ្ទៃឱ្យទៅ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដែលមានការពាក់ព័ន្ធ និងក្រុមការងារដូចមានចែងក្នុង ប្រការទី១ នៃសេចក្តីសម្រេចនេះ

– រៀបចំកិច្ចប្រជុំ និងបំពេញកិច្ចការរដ្ឋបាលពាក់ព័ន្ធដល់ការចាត់តាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ និងបូកសរុបសភាពការណ៍ និងលទ្ធផលនៃការចាត់តាំងអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ក្នុងក្របខណ្ឌ ទូទាំងប្រទេសតាមដំណាក់កាលនីមួយៗជូនក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល

– រៀបចំគម្រោងថវិកា មធ្យោបាយ សម្ភារៈបម្រើដល់ការចាត់តាំងអនុវត្តជូនក្រសួងមហាផ្ទៃពិនិត្យសម្រេច បំពេញភារកិច្ចផ្សេងៗទៀតតាមការចាំបាច់។

ក្រុមការងារមានសិទ្ធិជ្រើសតាំង និងប្រើប្រាស់មន្ត្រីតាមនាយកដ្ឋាន អង្គភាព ចូលរួមជាសមាជិកក្នុង ក្រុមការងារ ដើម្បីធានាអនុវត្តឱ្យបានសម្រេចភារកិច្ចដែលប្រគល់ជូន។ លេខាធិការដ្ឋានមានសិទ្ធិប្រើប្រាស់មន្ត្រីក្រោមឱវាទដើម្បីជួយបំពេញការងារតាមការចាំបាច់។

សេចក្ដីសម្រេចរបស់ក្រសួងមហាផ្ទៃ លេខ ១៩០៩ សសរ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១០ ស្តីពីការ ចាត់តាំងក្រុមការងារទទួលខុសត្រូវដឹកនាំត្រួតពិនិត្យការអនុវត្តគោលនយោបាយ “ភូមិ-ឃុំមានសុវត្ថិភាព» តាមរាជធានី ខេត្ត ត្រូវជំនួសដោយសេចក្តីសម្រេចនេះ។

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយពីសេចក្ដីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គាធិការនៃអគ្គាធិការដ្ឋាន អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ អគ្គនាយកនៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គនាយកនៃអគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ប្រធានក្រុមប្រឹក្សានីតិកម្ម គ្រប់នាយកដ្ឋាន-អង្គភាពពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងសាមីខ្លួនដែលមានឈ្មោះក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖