ព័ត៌មានទាន់ហេតុការណ៍៖

អតីតមេខ្មែរក្រហម ខៀវ សំផន ត្រូវបានសម្រេចផ្ទេរទៅកាន់ពន្ធនាគារខេត្តកណ្តាល តាមសំណើរបស់សហព្រះរាជអាជ្ញា

ចែករំលែក៖

ភ្នំពេញ ៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ចេញសេចក្តីប្រកាសអំពីការផ្ទេរអតីតមេដឹកនាំខ្មែរក្រហម ខៀវ សំផន ទៅ កាន់ពន្ធនាគារខេត្តកណ្តាល កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ដើម្បីបន្តអនុវត្តទោសជាប់ពន្ធនាគារអស់ មួយជីវិត។ ការផ្ទេរនេះបានធ្វើឡើងតាមសំណើរបស់សហព្រះរាជអាជ្ញា សុំអនុវត្ត ទោសស្របតាមវិធាន ១១៣ នៃវិធានផ្ទៃក្នុង។

អ.វ.ត.ក គឺជាតុលាការជាតិនៅក្នុងប្រព័ន្ធច្បាប់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែល មាន អាជ្ញាធរកម្ពុជាជាអ្នកទទួលខុសត្រូវចុងក្រោយចំពោះទោសជាប់ពន្ធនាគាររបស់បុគ្គលទាំងអស់ ដែល ត្រូវបានសម្រេច ឱ្យមានពិរុទ្ធភាព និងផ្តន្ទាទោសនៅ អ.វ.ត.ក ឱ្យជាប់ពន្ធនាគារ តាមច្បាប់ កំណត់។

អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ការជួយជ្រោមជ្រែងគ្រប់បែបយ៉ាងជូនសហព្រះរាជអាជ្ញា។ អនុវត្តតាម កាតព្វកិច្ច របស់ប្រទេសកម្ពុជាស្របតាមច្បាប់ជាតិ និងអន្តរជាតិ សហព្រះរាជអាជ្ញាក្រោមកិច្ចសហការជាមួយ អគ្គនាយកដ្ឋានពន្ធនាគារបានចាត់វិធានការដើម្បីធានាថា លក្ខខណ្ឌនៃការឃុំខ្លួន ខៀវ សំផន មានលក្ខណៈ សមរម្យសម្រាប់បុគ្គលជាមនុស្សចាស់ជរា ពិបាកចល័តទី និងមានបញ្ហាសុខភាព។ ដំណើរការផ្ទេរបានឆ្លងកាត់ការពិភាក្សា និងក្រោយពីទទួលបានការបញ្ជាក់ ធានាពី អគ្គនាយកដ្ឋាន ពន្ធនាគារ ព្រមទាំងពេលសហព្រះរាជ អាជ្ញា បានចុះពិនិត្យពន្ធនាគារខេត្តកណ្តាល ជាច្រើន លើកច្រើនសា។ 

សហព្រះរាជអាជ្ញាក៏បានដឹងផងដែរថា គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម បានធ្វើការចុះត្រួតពិនិត្យពន្ធនាគារទូទាំងប្រទេសកម្ពុជាជាទៀងទាត់ ក្នុងនោះរួមទាំងពន្ធនាគារខេត្តកណ្តាលផងដែរ។

ខៀវ សំផន បានកាន់មុខតំណែងជាន់ខ្ពស់ក្នុងមុខនាទីជាច្រើនខុសៗគ្នានៅក្នុងបក្សកុម្មុយនីស្តកម្ពុជា (“ប.ក.ក”) ឬ “របបខ្មែរក្រហម” និងនៅក្នុងរដ្ឋកម្ពុជាប្រជាធិបតេយ្យ។ មុខនាទីលេចធ្លោជាងគេ ក្នុងមុខនាទី ជាគណៈប្រធានរដ្ឋ នៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលត្រូវបានចាត់ទុកថាជាមេដឹកនាំជាន់ខ្ពស់នៃ របបកម្ពុជា ប្រជាធិបតេយ្យ។

ខៀវ សំផន ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០០៧ យកមកឃុំខ្លួនក្រោមសមត្ថកិច្ចនៃសហចៅក្រមស៊ើបអង្កេត ចំពោះបទចោទចូលរួមក្នុងឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរបបខ្មែរក្រហម។ ក្រោយការ ស៊ើប អង្កេតពេញលេញ សហចៅក្រមស៊ើបអង្កេត បានសម្រេចបញ្ជូនទៅជំនុំជម្រះជម្រះ។ ក្រោយពិនិត្យឃើញស្ថានទម្ងន់បទឧក្រិដ្ឋ ដែលបានប្រព្រឹត្តឡើង និងវ័យចាស់ជរារបស់ជនជាប់ចោទការចោទប្រកាន់លើ នួន ជា និង ខៀវ សំផន ត្រូវបានបំបែកជាពីរការជំនុំជម្រះពីរដោយឡែក ពីគ្នា។

ការកាត់ក្តីវគ្គដំបូងក្នុងសំណុំរឿង ០០២/០១ បានចាប់ ផ្តើមកាលពីខែវិច្ឆិកា ឆ្នាំ២០១១ និងបានបញ្ចប់កាលពីខែកក្កដា ឆ្នាំ២០១៣។ អង្គជំនុំជម្រះសាលាដំបូងបានចេញសាលក្រមកាលពីខែសីហា ឆ្នាំ២០១៤ ដោយសម្រេច ឱ្យ នួន ជា និង ខៀវ សំផន មានពិរុទ្ធភាពពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ក្រោមបទធ្វើទុក្ខបុកម្នេញ មនុស្សឃាត និងអំពើអមនុស្សធម៌ផ្សេងៗទៀត ដែលត្រូវបានប្រព្រឹត្តក្នុងអំឡុងពេលការជម្លៀសប្រជាជន ស៊ីវិល ដោយបង្ខំចេញពីទីក្រុងភ្នំពេញនិងទីប្រជុំជន ផ្សេងទៀត។ ជនជាប់ចោទទាំងពីរត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ដោយសារតួនាទីរបស់ពួកគេនៅក្នុងឧក្រិដ្ឋកម្មទាំងនេះ។ នៅក្នុងដំណើរការ បណ្តឹងសាទុក្ខ ទោសជាប់ពន្ធនាគារអស់មួយជីវិត ត្រូវ បានអង្គជំនុំជម្រះតុលាការកំពូលសម្រេចតម្កល់កាលពី ខែ វិច្ឆិកា ឆ្នាំ ២០១៦។

ការជំនុំជម្រះវគ្គទី២ ក្នុងសំណុំរឿង ០០២/០២ បានចាប់ផ្តើមកាលពីខែវិច្ឆិកា ឆ្នាំ២០១៤ និងបានបញ្ចប់កាលពីខែកក្កដា ឆ្នាំ២០១៧។ អង្គជំនុំជម្រះសាលា ដំបូងបានចេញសាលក្រមក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ ដោយសម្រេច ឱ្យ នួន ជា និង ខៀវ សំផន មានពិរុទ្ធភាពពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវចំពោះសកម្មភាពនានា ក្នុងនោះរួមមានការធ្វើទុក្ខបុកម្នេញ ការដាក់ឱ្យទៅជាទាសករ ការឃុំឃាំង អំពើអមនុស្សធម៌ អាពាហ៍ពិពាហ៍ដោយបង្ខំ ការរំលោភសេពសន្ថវៈ ការធ្វើទារុណកម្ម អំពើមនុស្សឃាត ការសម្លាប់រង្គាល និងការបាត់ខ្លួនដោយបង្ខំ។ 

ជនជាប់ចោទទាំងពីរត្រូវបានកាត់ទោសឱ្យជាប់ ពន្ធនាគារអស់មួយជីវិតនៅក្នុងការជំនុំជម្រះវគ្គទី ពីរ។ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ អង្គជំនុំជម្រះតុលាការកំពូល បានសម្រេចតម្កល់ការផ្តន្ទាទោស ខៀវ សំផន ដាក់ពន្ធនាគារអស់មួយជីវិតដដែល។ (នួន ជា បានទទួលមរណភាពនៅក្នុងខែសីហា ឆ្នាំ២០១៩ ដែលនាំដល់ការបញ្ចប់នីតិវិធីចំពោះរូបគាត់)៕

ដោយ៖ សូរិយា


ចែករំលែក៖