ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំអន្តរក្រសួងពិភាក្សារៀបចំសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នា (MOU) រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងមហាផ្ទៃ នារសៀលថ្ងៃព្រហស្បតិ៍ទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំអន្តរក្រសួងពិភាក្សារៀបចំសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នា (MOU) រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារដ្ឋកូរ៉េ ពាក់ព័ន្ធនឹងកិច្ចសហការក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែន ក្រោមអធិបតីភាព លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋាន នៃក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងមន្ត្រីជំនាញផងដែរ។

លោកស្រី​ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ (គ.ជ.ប.ជ) បានមានប្រសាសន៍ថា កិច្ចប្រជុំពិគ្រោះយោបល់ និងពិភាក្សាផ្តួចផ្តើមរៀបចំសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នានេះ គឺធ្វើឡើងយោងតាមចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រគល់ភារកិច្ចជូនលោកស្រីដើម្បីដឹកនាំប្រជុំពិនិត្យរៀបចំ និងផ្តល់យោបល់។ 

លោកស្រី​ បានបន្តថា ដើម្បីឈានទៅដល់ការរៀបចំសេចក្តីព្រាងអនុស្សរណៈទ្វេភាគី រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ចាំបាច់ត្រូវសិក្សាស្វែងយល់អំពីទំនាក់ទំនង និងទិន្នន័យពាក់ព័ន្ធមួយចំនួន ជាមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធ សម្រាប់ជាមូលដ្ឋានក្នុងការដាក់បញ្ចូលក្នុងអនុស្សរណៈ ដែលជាកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរវាងប្រទេសទាំងពីរ។

លើសពីនេះទៀត លោកស្រី​រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ (គ.ជ.ប.ជ) បានគូសបញ្ជាក់ន្ថែមថា មុននឹងឈានដល់ការការបង្កើតគំនិតផ្តួចផ្តើមរៀបចំអនុស្សរណៈទ្វេភាគីនេះឡើង គឺបន្ទាប់ពីមានការពិភាក្សា និងឆ្លងឆ្លើយតាមរយៈលិខិតផ្លូវការរវាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាមួយនិងលោក ស៊ិន ចាយ៉ុង អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃសាធារណរដ្ឋកូរ៉េ។ 

ជាមួយគ្នានេះ អង្គប្រជុំបានពិភាក្សា និងពិគ្រោះយោបល់គ្នាលើបទពិសោធន៍ពាក់ព័ន្ធ និងធាតុចូលសំខាន់ៗនានាពីគ្រប់សមាជិកអង្គប្រជុំដែលជាតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការកំណត់យកជាខ្លឹមសារសម្រាប់ដាក់បញ្ចូលក្នុងអនុស្សរណៈយោគយល់ទ្វេភាគី មានភាពគ្រប់ជ្រុងជ្រោយ និងមានវិសាលភាពទូលំទូលាយ លើកិច្ចសហការក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនរវាងប្រទេសទាំងពីរឱ្យប្រសិទ្ធភាពខ្ពស់។

នាឱកាសនោះដែរ លោកស្រី​ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មាធិការជាតិ (គ.ជ.ប.ជ) បានថ្លែងអំណរគុណចំពោះសមាជិកនៃអង្គប្រជុំទាំងអស់ដែលជាតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ និងបានចែករំលែកបទពិសោធន៍ ព្រមទាំងធាតុចូលសំខាន់ៗសម្រាប់ជាមូលដ្ឋានក្នុងការរៀបចំនូវសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នានេះ។ ជាងនេះទៀត លោកស្រី​ ក៏បានមានប្រសាសន៍បញ្ជាក់ថា កិច្ចប្រជុំពិគ្រោះយោបល់នេះនឹងត្រូវរៀបចំប្រជុំជាបន្តបន្ទាប់ទៀតដើម្បីពិភាក្សាគ្នាលើវឌ្ឍនភាព និងរហូតឈានដល់ទទួលបានការឯកភាពគ្នាទាំងស្រុង។ ទន្ទឹមនេះ លោកស្រី​ ក៏បានណែនាំឱ្យសមាជិកនៃអង្គប្រជុំទាំងអស់ជួយសិក្សាស្រាវជ្រាវ និងរៀបចំធាតុចូលសំខាន់ៗបន្ថែមទៀតសម្រាប់បំពេញបន្ថែមនៅក្នុងកិច្ចប្រជុំពេលក្រោយ៕

ដោយ៖ សហការី​


ចែករំលែក៖