ខេត្តមណ្ឌលគីរី ៖ សមត្ថកិច្ចកំពុងស្រាវជ្រាវករណីគាស់ទូមាសរបស់អាជីវករលក់មាសនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីយប់មិញ ។
បើតាមព័ត៌មានបឋមពីសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា កាលពីម៉ោង១២យប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅចំណុចភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសី មា ខេត្តមណ្ឌលគិរី មានករណីចោរធ្វើសកម្មភាពចូលគាស់ទូមាសមួយកន្លែង។ បញ្ហានេះដែលម្ចាស់ផ្ទះអះអាងថា បាត់បង់ទ្រព្យសម្បត្តិគ្រឿងអលង្ការ សរុបជាទឹកប្រាក់ប្រមាណជា៧មុឺនដុល្លារ។
សូមបញ្ជាក់ថា នៅកន្លែងកើតសមត្ថកិច្ចរកឃើញអង្រឹងចំនួនពីរដែលគេសង្ស័យថា ជារបស់ជនសង្ស័យ ។ សមត្ថកិច្ចឱ្យដឹងទៀតថា កំណាត់អង្រឹងខាងលើត្រូវបានតជាប់គ្នាដែលគេសង្ស័យថា ក្រុមចោរឡើងតាមដំបូលផ្ទះធ្វើសកម្មភាពប្រមូលរបស់របរបានហើយគេចខ្លួនបាត់ស្រមោលតែម្តង។
ជនរងគ្រោះមានឈ្មោះ ប៊ិន ខេម ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់មាស និងប្រពន្ធឈ្មោះ ទឹម ណៃយៀប អាយុ៤៥ឆ្នាំ ។
ព័ត៌មានលម្អិត អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” នឹងផ្សាយនៅពេលក្រោយទៀត ៕
ដោយ ៖ សហការី