សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះបានផ្សាយថា នៅថ្ងៃសុក្រនេះចិនបានប្រកាសថា ការធ្វើដំណើរឆ្លងព្រំប្រទល់រវាងចិនដីគោកជាមួយទីក្រុងហុងកុង និងទីក្រុងម៉ាកាវគឺនឹងត្រូវបន្តឡើងវិញក្នុងទម្រង់ពេញលេញតែម្តង ចាប់តាំងថ្ងៃទី៦ ខែកុម្ភៈតទៅ។
ប្រការនេះមានន័យថា ប្រព័ន្ធកំណត់កូតាអ្នកដំណើរនិងកាតព្វកិច្ចធ្វើតេស្តរកជំងឺកូវីដ-១៩ជាចាំបាច់ ដែលតម្រូវពីមុនមកនោះ គឺនឹងត្រូវលុបចោល។ កន្លងមកនេះ ទោះបីក្រោយពេលចិនបានបើកព្រំប្រទល់ប្រទេសឡើងវិញសម្រាប់ពិភពលោកកាលពីថ្ងៃទី៨ ខែមករាក៏ដោយ ក៏ប្រព័ន្ធកូតានិងការតម្រូវឱ្យធ្វើតេស្តរកកូវីដ-១៩ គឺត្រូវបានរក្សាឱ្យនៅដដែលសម្រាប់អ្នកដំណើររវាងចិនដីគោកនឹងទីក្រុងហុងកុង។
ក្នុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ទីក្រុងហុងកុងបានអនុវត្តគោលការណ៍ស្រដៀងគ្នានឹងគោលនយោបាយសូន្យកូវីដរបស់រដ្ឋាភិបាលចិន រហូតទាល់តែដល់ពាក់កណ្តាលឆ្នាំ២០២២ ជាពេលដែលទីក្រុងនេះចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិតរបស់ខ្លួន។ ហុងកុងបានលុបគោលការណ៍កូវីដ-១៩ ដែលនៅសេលសល់ភាគច្រើនកាលពីខែធ្នូ ឆ្នាំ២០២២ ប៉ុន្តែការពាក់ម៉ាស់នៅតែជារឿងចាំបាច់ លើកលែងតែកាលៈទេសៈមួយចំនួន ហើយសិស្ស-និស្សិតត្រូវតែធ្វើការឆ្លងកាត់ ការធ្វើតេស្តកូវីដរហ័សជារៀងរាល់ថ្ងៃ៕ ដោយ៖ ធីរីណា
រូបថត៖ Reuters