ក្លិប Paris St Germain បានឲ្យដឹងថា ខ្សែប្រយុទ្ធ Kylian Mbappeនឹងអវត្តមានរយៈពេល៣សប្តាហ៍បន្ទាប់ពីរបួសភ្លៅ។ ក្លិប Ligue 1 មួយនេះបានប្រកាសកាលពីថ្ងៃសុក្រដោយខ្សែប្រយុទ្ធរូបនេះនឹងមិនអាចបង្ហាញខ្លួនការប្រកួតជើងទី១នៃការប្រកួត Champions League របស់ពួកគេជាមួយនឹងក្រុម Bayern Munich នោះទេ។
កីឡាករវ័យ២៤ឆ្នាំរូបនេះបានដួលអំឡុងតង់ទី១នៃការទទួលជ័យជម្នះ ៣–១របស់ PSG នៅលើទឹកដី Montpellier កាលពីថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍។
PSG នឹងត្រូវប្រកួតចំនួន៥ប្រកួតចាប់ពីថ្ងៃទី៤ ខែកុម្ភៈដល់ថ្ងៃទី១៩ ខែកុម្ភៈ ដោយកីឡាករអន្តរជាតិបារាំងរូបនេះនឹងត្រូវអវត្តមានក្នុងជំនួបជាមួយក្រុម Bayern ក៏ដូចជាការប្រកួត French Cup វគ្គ១៦ ក្រុមចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Olympique de Marseille ផងដែរ។
PSG បានប្រកាសថា “បន្ទាប់ពីឆ្លងកាត់ការធ្វើតេស្ត ខ្សែប្រយុទ្ធ KylianMbappe បានរងរបួសភ្លៅខាងឆ្វេងនៅកម្រិតនៃ biceps femoral” ។
ខ្សែការពារ Sergio Ramos ក៏ត្រូវបានប្តូរចេញក្នុងអំឡុងពេលការប្រកួតកាលពីថ្ងៃពុធដែរជាមួយនឹងភាពមិនស្រួលលើជើង ប៉ុន្តែគាត់នឹងឆ្លងកាត់ការធ្វើតេស្តបន្ថែមទៀតនៅថ្ងៃព្រហស្បតិ៍ដើម្បីកំណត់ពីទំហំនៃរបួសរបស់គាត់។
PSG បានពង្រីកការនាំមុខនៅ Ligue 1 របស់ក្រុមនេះនាំមុខ៥ពិន្ទុពីក្រុមលេខ២ Marseille ហើយនឹងធ្វើជាម្ចាស់ផ្ទះបន្ទាប់ Toulouse នៅថ្ងៃសៅរ៍នេះសម្រាប់ការប្រកួតលីកកំពូលបារាំងសប្តាហ៍ទី២២ ៕
ដោយ៖ ភារៈ