សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានផ្សាយថា អាជ្ញាធរនៅក្នុងប្រទេសឈីលី បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃនៅឯតំបន់ភាគខាងត្បូងនៃប្រទេសបានកើនឡើងដល់២៣នាក់ហើយ ខណៈដែលមានការព្រួយបារម្ភកាន់តែខ្លាំងពីរលកកម្ដៅដែលបង្កឡើងដោយភ្លើងឆេះព្រៃនេះ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ អនុរដ្ឋមន្ត្រីមហាផ្ទៃឈីលី លោក Manuel Monsalve បានបញ្ជាក់ដូច្នេះថា «យើងសូមចូលរួមរំលែកទុក្ខដល់មនុស្ស២៣នាក់ដែលបានបាត់បង់ជីវិត»។ លោកបន្ថែមថា មនុស្ស ៩៧៩នាក់ បានរងរបួស ខណៈដែលភ្លើងឆេះព្រៃចំនួន ២៣២ទីតាំងនៅតែបន្តឆេះនៅឡើយ គិតត្រឹមថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់)។
ចំពោះមុខគ្រោះមហន្តរាយនេះដែរ រដ្ឋាភិបាលឈីលីបានសម្រេចចិត្តប្រកាសពង្រីកភាពអាសន្នខាងគ្រោះមហន្តរាយ ដោយរួមបញ្ចូលទាំងតំបន់ Araucania ស្ថិតនៅ ភាគខាងត្បូងនៃប្រទេស ស្របពេលដែលតំបន់Nuble និងBiobio កំពុងស្ថិតនៅក្រោមភាពអាសន្ននេះស្រាប់។
ភ្លើងឆេះព្រៃនៅភាគខាងត្បូងប្រទេសឈីលី បានបំផ្លាញព្រៃឈើលើផ្ទៃដីជាង ៤៧,០០០ហិក និងផ្ទះ៨៨ខ្នង រីឯសីតុណ្ហភាពក៏បានឡើងដល់៤០អង្សាសេផងដែរ ហើយក្រុមអ្នកពន្លត់អគ្គិភ័យ ២,៣០០នាក់ និងយន្ដហោះ ៧៥គ្រឿង ត្រូវបានដាក់ពង្រាយដើម្បីបង្ក្រាបភ្លើងឆេះព្រៃនេះ៕
ដោយ៖ ធីរីណា(រូបថត ៖ TTXVN-VNA)