Harry Kane បានក្លាយជាអ្នកស៊ុតបញ្ចូលទីកំណត់ត្រាគ្រប់ពេលវេលារបស់ Tottenham ដោយវ៉ាដាច់កីឡាករ Jimmy Greaves ដ៏អស្ចារ្យ ខណៈដែលគ្រាប់បាល់ទី២៦៧របស់គាត់សម្រាប់ក្លិបបានបំបែកមហិច្ឆិតាដណ្តើមពានរបស់ Manchester City នៅកីឡដ្ឋាន Tottenham Hotspur ដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីរាត្រីថ្ងៃទី៥ ខែកុម្ភៈ។
ប្រធានក្រុមអង់គ្លេសរូបនេះបានឈានដល់ចំណុចសំខាន់ជាមួយនឹងការបញ្ចប់ការប្រកួតពីចម្ងាយជាង១០ម៉ែត្របន្ទាប់ពីការបញ្ជូនពី Pierre-Emile Hojbjerg ធ្វើបានយ៉ាងល្អជួយឲ្យរកបាន១គ្រាប់យកឈ្នះក្រុមភ្ញៀវ Man City។ អ្នកគាំទ្របានលោតចេញពីកន្លែងអង្គុយដើម្បីអបអរសាទរខ្សែប្រយុទ្ធវ័យ២៩ឆ្នាំរូបនេះ ដែលគ្រាប់បាល់ដំបូងរបស់ Spurs បានកើតឡើងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១១របស់គាត់ ខណៈពេលដែលសារមួយបានផុសឡើងនៅលើតារាងពិន្ទុនៅខាងក្នុងដីដែលសរសេរថា “សូមអបអរសាទរ Harry Kane” ។
ការរកបាន១គ្រាប់ដែលជាគ្រាប់ជ័យជម្នះនៅនាទីទី១៥ក៏ជាគ្រាប់ទី២០០របស់ Kane នៅ Premier League ផងដែរ ដោយមានតែ Alan Shearer (២៦០គ្រាប់) និង Wayne Rooney (២០៨) ស៊ុតបញ្ចូលទីបានច្រើនជាងនេះ។ ជ័យជម្នះនេះបានកើតឡើងបន្ទាប់ពីគ្រូបង្វឹក Spurs លោក Antonio Conte បានជាសះស្បើយនៅផ្ទះក្រោយពីការវះកាត់ដើម្បីយកថង់ទឹកប្រមាត់ចេញ។
Tottenham ដែលបានបញ្ចប់ដោយមានគ្នាតែ១០នាក់បន្ទាប់ពីខ្សែការពារ Cristian Romero ត្រូវបានបណ្តេញចេញនៅនាទីទី៨៧ បន្ទាប់ពីប៉ះទង្គិចជាមួយកីឡាករ Man City ធ្វើឲ្យអាជ្ញាកណ្តាលផ្តល់កាតក្រហមបណ្តេញចេញ។ ក្រុមរបស់លោក Pep Guardiola បានបាត់បង់ឱកាសក្នុងការកាត់បន្ថយការនាំមុខ៥ពិន្ទុរបស់ Arsenal នៅលើកំពូលតារាង បន្ទាប់ពីក្រុមកាំភ្លើងធំ Arsenal បានចាញ់ក្រុម Everton កាលពីថ្ងៃសៅរ៍ដែរ។
ខ្សែប្រយុទ្ធ Riyad Mahrez ក៏មានឱកាសដែរ ដើម្បីតាមស្មើជាមួយនឹងការប៉ុនប៉ងមួយដែលបានស៊ុតចេញប៊ិសនឹងចូលទី។ ខណៈពេលដែលMan City នៅមាន៥ពិន្ទុតាមពីក្រោយក្រុម Arsenal ដែលបានលេងមួយប្រកួតបន្ថែមទៀត ជ័យជម្នះរបស់ Tottenham បានធ្វើឱ្យពួកគេ១ពិន្ទុតាមពីក្រោយក្រុមលេខ៤ Newcastle ។
Kane បានអបអរការស៊ុតបាល់បញ្ចូលទីជាប្រវត្តិសាស្ត្ររបស់គាត់ជាមួយនឹងក្តីរំភើបនៃកីឡាករវ័យ១៨ឆ្នាំ ដែលជាអាយុដែលគាត់បានស៊ុតបញ្ចូលទីជាលើកដំបូងរបស់គាត់សម្រាប់ក្រុម Spurs ទល់នឹង Shamrock Rovers ក្នុងក្របខ័ណ្ឌ Europa League កាលពី១២ឆ្នាំមុន។ រហូតមកដល់ពេលនេះ Kane រកបាន២៦៧គ្រាប់ក្នុង៤១៦ប្រកួត ខណៈដែល Greaves រកបាន២៦៦គ្រាប់ បន្ទាប់ពី៣៧៩ប្រកួត។
ក្រុម Man City នឹងសម្លឹងរកការវិលត្រឡប់មកផ្ទះវិញដោយត្រូវប៉ះក្រុមភ្ញៀវ Aston Villa នៅថ្ងៃអាទិត្យខាងមុខ មុននឹងការប្រកួតលើក្រុមកំពូលតារាង Arsenal នៅថ្ងៃទី១៥ ខែកុម្ភៈខាងមុខ។ ចំណែក Tottenham Hotspur ត្រូវប៉ះក្រុមម្ចាស់ផ្ទះ Leicester City នៅថ្ងៃទី១១ ខែកុម្ភៈ សម្រាប់ក្របខ័ណ្ឌ Premier League សប្តាហ៍ទី២៣របស់ខ្លួន ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)