ភ្នំពេញ៖ កម្ពុជា បានបន្តបញ្ជូនកងកម្លាំងវិស្វកម្មលេខ ៨២៧ ដែលជាកងកម្លាំងប្តូរវេនចំនួន ២១៦នាក់ ចេញទៅបំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់។
កងកម្លាំងមួកខៀវកម្ពុជាទាំងអស់នេះ បានចេញដំណើរកាលពីរាត្រីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣។
យោងតាមទំព័រហ្វេសប៊ុករបស់ មជ្ឈមណ្ឌលជាតិរក្សាសន្ដិភាព នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានប្រាប់ឲ្យដឹងថា ទន្ទឹមនិងបញ្ជូនកងកម្លាំងវិស្វកម្មលេខ ៨២៧ ទៅកាន់លីបង់ កងកម្លាំងវិស្វកម្មលេខ ៨២៩ ក៏បានធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញផងដែរ បន្ទាប់ពីបញ្ចប់បេសកកម្មរយៈពេល១ឆ្នាំ ប្រកបដោយជោគជ័យ និងនាំកិត្យានុភាពជូនជាតិ។
ពិធីជូនដំណើរ និងទទួលកងទ័ពមួកខៀវកម្ពុជា បានធ្វើឡើងក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ព្រមទាំងថ្នាក់ដឹកនាំមជ្ឈមណ្ឌលជាតិ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ក្នុងឱកាសនោះ លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងថា បេសកកម្មនៅសាធារណរដ្ឋលីបង់ គឺជាឆ្នាំទី១៣ ហើយកងវិស្វកម្មលេខ៨២៩ គឺជាកងទី១២ ដែលបានចូលរួមអនុវត្តបំពេញភារកិច្ចប្រកបដោយផ្លែផ្កា ព្រមជាមួយនឹងលទ្ធផលគួរជាទីមោទនៈ។ ជាមួយគ្នាកងនេះ រក្សាបាននូវភាពស្អាតស្អំ មានវិន័យល្អ ព្រមទាំងអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមនិយាមរបស់អង្គការសហប្រជាជាតិ ដោយយកសុវត្ថិភាពជាចម្បង រហូតទទួលបានជោគជ័យ ដោយមិនមានសមាជិកណាម្នាក់របួស ឬពលី ដោយយថាហេតុណាមួយឡើយ។
ចំពោះកងកម្លាំងត្រូវប្តូរវេន នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានក្រើនរម្លឹកដល់កម្លាំងទាំងអស់ បន្តរួមសាមគ្គីគ្នាជាធ្លុងមួយ និងត្រូវគិតគួរពីសុវត្ថិភាពជាចម្បង ពិសេសអំឡុងពេលអនុវត្តភារកិច្ច មិនត្រូវមើលស្រាលស្ថានការណ៍ណាមួយឡើយ ហើយត្រូវចេះដកបទពិសោធន៍ និងមេរៀនល្អៗ កែតម្រូវរាល់កំហុសឆ្គងដែលបានកើតមានឡើង ដើម្បីសម្រេចបានជោគជ័យជូនជាតិមាតុភូមិ ក្រុមគ្រួសារ និងខ្លួនឯងផ្ទាល់។ លោកបន្តទៀតថា ប្រតិបត្តិការសន្តិភាព គឺជាគោលការណ៍សកល បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ តាមរយៈការចូលរួមពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិប្រតិបត្តិការរួមគ្នា ក្នុងការជួយដល់បណ្តាប្រទេសដែលរងការហែកហួរដោយសារជម្លោះប្រដាប់អាវុធភ្លើងសង្គ្រាម និងចូលរួមជាមួយសាមីប្រទេសក្នុងការស្តារនីតិសម្បទារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ស្របតាមគោលការណ៍អង្គការសហប្រជាជាតិ សំដៅកសាងមាគ៌ាឆ្ពោះទៅកាន់ពិភពលោកមួយដែលមានសន្តិភាព និងវឌ្ឍនភាព។
ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណី បានបង្ហាញការរីករាយចំពោះកងកម្លាំងកម្ពុជា ដែលបានបំពេញបេសកកម្មរយៈពេល១ឆ្នាំ នៅប្រទេសមជ្ឈឹមបូព៌ា ដែលមានសីតុណ្ហភាពក្រោមសូន្យអស្សាខុសគ្នាពីប្រទេសកម្ពុជា និងជាតំបន់សម្បូរទៅដោយភ្នំ រងសម្ពាធវិបត្តិសេដ្ឋកិច្ច កម្លោះព្រំដែនរវាងប្រទេសអ៊ីស្រាអែល ទន្ទឹមនឹងការឃ្លាតឆ្ងាយពីគ្រួសារ ដែលទាំងនេះពិតជាការលះបង់ដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់កងទ័ពកម្ពុជា។
គួរជម្រាបថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ក្នុងអាស៊ាន និងលេខ១២ ក្នុងចំណោមប្រទេសទាំងអស់ដែលបញ្ជូនកងទ័ពមួកខៀវទៅតាមបណ្តាប្រទេសនានាលើពិភពលោក។ ចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ឆ្នាំ២០២៣ កម្ពុជាបានសម្រេចបញ្ជូនកងកងកម្លាំងចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពជាង៨ពាន់ នៅក្នុងប្រទេសចំនួន៩ រួមមាន៖ ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ស៊ីប ស៊ីរី ម៉ាលី និងយេម៉ែន។
ប្រតិបត្តិការសន្តិភាព គឺជាគោលការណ៍សកល បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ តាមរយៈការចូលរួមពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ប្រតិបត្តិការរួមគ្នា ក្នុងការជួយដល់បណ្តាប្រទេស ដែលរងការហែកហួរដោយសារ ភ្លើងសង្គ្រាម និងចូលរួមជាមួយសាមីប្រទេសក្នុងការស្តារនីតិសម្បទារសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ស្របតាមគោលការណ៍អង្គការសហប្រជាជាតិ ដើម្បីកសាងមាគ៌ាឆ្ពោះទៅកាន់ពិភពលោកមួយដែលមានសន្តិភាព និងវឌ្ឍនភាព។
ក្នុងបរិបទនេះ កម្ពុជាដែលធ្លាប់ឆ្លងកាត់សង្គ្រាមហែកហួរជិត ៣ទសវត្ស ហើយទើបទទួលបានសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេសនាឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើសមាហរណកម្ម ពីក្នុងតំបន់អាស៊ី ដោយបោះជំហានពង្រីកវិសាលភាពនៃបទពិសោធន៍ដ៏ផូផង់របស់ខ្លួន ចូលរួមចំណែកបេសកកម្មរក្សាសន្តិភាព។ បច្ចុប្បន្ន កងកម្លាំងយោធាមួកខៀវកម្ពុជា ជាង៨០០នាក់ បាននឹងកំពុងបំពេញ កាតព្វកិច្ចរក្សាសន្តិភាព នៅប្រទេសស៊ូដង់ខាងត្បូង លីបង់ ម៉ាលី និងសាធារណរដ្ឋ និងអាហ្វ្រិកកណ្តាល៕
ដោយ៖ សូរិយា