ភ្នំពេញ៖ ពលរដ្ឋសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធជាពិសេសអាជ្ញាធរខណ្ឌ៧មករា និងអាជ្ញាធរសង្កាត់អូរឫស្សីទី២ សូមមានវិធានការឬចុះអប់រំណែនាំដល់ទីតាំងភោជនីយដ្ឋានមួយកន្លែងដែលបើកលក់ដូរ ម្ហូបបាយ គុយទាវដែលមិនបានរៀបចំ បរិស្ថាន អនាម័យ ឲ្យបានត្រឹមត្រូវនៅកន្លែងចាក់កាកសំណល់ និងកន្លែងលាងសម្អាត ចាន ឆ្នាំង នៅលើផ្លូវសាធារណៈ។
សូមជម្រាបជូនថាទីតាំងភោជនីយដ្ឋាននេះស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៦៤ កែងនឹងផ្លូវលេខ ១៦១ ជាប់របងសាលាបឋមសិក្សាបាក់ទូក មូលដ្ឋានសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានច្បាស់ការបានបញ្ជាក់ឲ្យដឹងថា ទីតាំងភោជនីយដ្ឋានដែលធ្វើឱ្យប៉ះពាល់ ដល់ បរិស្ថាន អនាម័យ លើផ្លូវសាធារណៈនេះ ជាម្ចាស់កម្មសិទ្ធរបស់លោក ចាន់ ពិសិដ្ឋ ចៅសង្កាត់អូរឬស្សី២ តែម្ដង ដែលជាប្រធានគណៈបញ្ជាឯកភាពសង្កាត់។
ពលរដ្ឋក៏ដូចជាសិស្សានុសិស្សដែលធ្វើដំណើរឆ្លងកាត់តាមបណ្ដោយផ្លូវលេខ១៦៤ បានលើកឡើងថាទីតាំងភោជនីយដ្ឋានមួយកន្លែងនេះបានបង្កឲ្យមានការកកស្ទះនិងជាពិសេសធ្វើឲ្យប៉ះពាល់ដល់បរិស្ថានអនាម័យនិងជះក្លិនមិនល្អផងដែរ។ ដូច្នេះពលរដ្ឋសំណូមពរដល់អាជ្ញាធរខណ្ឌ៧មករា គួរមានដំណោះស្រាយឬចុះអប់រំណែនាំ ដើម្បីឲ្យមានភាពល្អប្រសើរជាងនេះ៕
ដោយ ៖ រ៉ារ៉ា