ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង បានទទួលមរណភាព កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ សពបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះលេខ៦៦ ផ្លូវលេខ៥២៨ កែងនឹងផ្លូវលេខ២៨៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្រុមគ្រួសារនៃសពនឹងធ្វើពិធីដង្ហែសពទៅកាន់វត្តបទុមវតី ដើម្បីរៀបចំទុកដាក់តាមប្រពៃណី នៅវេលាម៉ោង ០៧:០០នាទីព្រឹក នាថ្ងៃអង្គារ ២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយចាប់ផ្តើមដង្ហែចេញពីគេហដ្ឋាននៃសព ផ្ទះលេខ៦៦ រួចបន្ដតាមផ្លូវលេខ២៨៥ បត់ស្តាំតាមបណ្ដោយផ្លូវលេខ៥១៦ ឆ្ពោះទៅផ្លូវលេខ៧០ ហើយបន្ត ទៅរង្វង់មូលគួចកាណុង បត់តាមបណ្ដោយមហាវិថីព្រះមុនីវង្ស ឆ្ពោះទៅស្តុបបកាស បន្តក្បួនដង្ហែតាម មហាវិថីព្រះអង្គឌួង ឆ្ពោះទៅមហាវិថីព្រះនរោត្តម រង្វង់មូលវិមានឯករាជ្យ បន្តតាមមហាវិថីព្រះសីហនុ រហូតដល់ មហាវិថីព្រះសុធារស ផ្លូវលេខ២៤០ និងផ្លូវឧកញ៉ាស៊ូស៊្រុន រួចចូលទីតាំងប្រារព្ធពិធី។
ដើម្បីឱ្យពិធីដង្ហែសពប្រារព្ធទៅដោយរលូន សមត្ថកិច្ចនឹងធ្វើការបង្វែរទិសចរាចរតាមតម្រាយផ្លូវ ដែល ក្បួនឆ្លងកាត់ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាប្រើប្រាស់ផ្លូវផ្សេងក្នុងការធ្វើដំណើរ ដើម្បីចៀសវាងកុំឱ្យ មានការខកខានដោយប្រការណាមួយ។
រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយោគយល់ អធ្យាស្រ័យ និងចូលរួមបញ្ចៀសការធ្វើដំណើរឆ្លងកាត់តាមតម្រាយផ្លូវពិធីដង្ហែខាងលើ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។ ទទួលបានសេចក្ដីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌពាក់ព័ន្ធ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការផ្សព្វផ្សាយឱ្យបាន ទូលំទូលាយ និងសហការអនុវត្តឱ្យមានប្រសិទ្ធភាព ៕
ដោយ ៖ សិលា