ព័ត៌មានទាន់ហេតុការណ៍៖

សូមបើកបរគោរពច្បាប់ចរាចរ! បុរសម្នាក់បើកម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តពីក្រោយបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ

ចែករំលែក៖

ខេត្តបាត់ដំបង៖ បុរសម្នាក់បានរងរបួសជើងធ្ងន់ធ្ងរក្រោយជិះម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកគូទរថយន្តដែលកំពុងស៊ីញ៉ូបត់ឆ្វេង  គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៣ និង១០នាទី តសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ និងតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង។

អ្នកឃើញហេតុកាណ៍បានឲ្យដឹងថាគេឃើញរថយន្តម៉ាកតូយ៉ូតាព្រូស(PRIUS)មួយគ្រឿងពាក់ស្លាក ភ្នំពេញ 2AJ-7827 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ជិតចំណុចកើតហេតុខាងលើរថយន្តបានស៊ីញ៉ូអែបបត់ឆ្វេង ភ្លាមនោះក៏ស្រាប់តែមានម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ បន្ទាយមានជ័យ 1T-1305 បើកបរដោយបុរសម្នាក់ក្នុងល្បឿនយ៉ាងលឿនបានជ្រុលទៅបុកគូទរថយន្តពីក្រោយបណ្តាលឱ្យអ្នកបើកបររងរបួសជើងធ្ងន់ធ្ងរតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះដល់កន្លែងកើតហេតុនិងបានដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅឯមន្ទីរពេទ្យភ្លាមៗ ចំណែកមធ្យោបាយទាំងពីរសមត្ថកិច្ចបានវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖