ខេត្តតាកែវ ៖ គ្រាន់តែបើកឆាកមួយរយៈដើមឆ្នាំ២០២៣ នេះក្នុងខេត្តតាកែវសឹងតែគ្រប់ស្រុក,ក្រុងទៅហើយ បានកើតបទល្មើសធ្ងន់ៗជាបន្តបន្ទាប់ ដែលបង្កឡើងដោយ ក្រុមក្មេងស្ទាវតាមដងផ្លូវ។
ប្រជាពលរដ្ឋបានដឹងហើយនាពេលកន្លងមកនាដើមឆ្នាំ ២០២៣នេះ ក្រៅពីករណីគ្រឿងញៀន ចោរកម្ម ចោរឆក់ គប់កញ្ចក់រថយន្តតាមដងផ្លូវ នៅមានករណីប្រដេញកាប់គ្នាតាមដងផ្លូវប្រសេកប្រសាចគួរឲ្យខ្លាច។ ករណី នេះក្រៅពីបញ្ហាសីលធម៌សង្គម ក៏មានការរិះគន់ផងដែរទៅលើកម្លាំងអាជ្ញាធរមានសមត្ថកិច្ច។
ជាក់ស្តែងកាលពីប៉ុន្មានថ្ងៃមុន គឺនៅវេលាម៉ោង១៥និង៥០នាទីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្មេងស្ទាវ១ក្រុមជិះម៉ូតូ៣គ្រឿង ប្រដាប់ដោយកាំបិតបុ័ងតោដេញកាប់គ្នាបណ្តាលឲ្យសិស្សសាលាម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ លើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ៩៣និង៩៤ស្ថិតក្នុងភូមិឈើទាលភ្លោះ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។ យុវជនរងគ្រោះឈ្មោះ ប៉ែត កុសលសិទ្ធិ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិបន្ទាយ ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ ត្រូវបានជនសង្ស័យកាប់មួយកាំបិតត្រង់កផ្នែកខាងឆ្វេង ស្លាប់នៅនឹងកន្លែងកើតហេតុ។ ក្រោយធ្វើសកម្មភាពជនសង្ស័យបាននាំគ្នាជិះម៉ូតូទៅទិសខាងត្បូងគេចខ្លួនបាត់ស្រមោលបានប៉ុន្មានថ្ងៃទេីបចាប់បាននៅថ្ងៃទី៦កុម្ភៈ ឆ្នាំ២០២៣។
ប្រជាពលរដ្ឋនៅក្នុងខេត្តក៏ដូចជាក្រៅខេត្តទទូចដល់សមត្ថកិច្ចពិសេស លោក ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ សូមមានវិធានការលើក្មេងស្ទាវតាមដងផ្លូវផង ព្រោះបើនៅតែបណ្តោយឲ្យមានក្រុមក្មេងទំនើងទាំងនេះនៅធ្វើសកម្មភាពយ៉ាងអានាធិបតេយ្យបន្តទៀត ភូមិ ឃុំគឺអសន្តិសុខពេកហើយ។
សូមបញ្ជាក់ថា បើតាមប្រភពច្បាស់ការណ៍ពីមន្ត្រីនគរ បាលក្នុងស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលសុំមិនបញ្ចេញឈ្មោះថា ចាប់តាំងពីលោក ឈាង ផាន់ណារ៉ា អតីតជាស្នងការរងទទួលផែនពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មកកាន់តំណែងជាស្នងការនគរបាលខេត្តតាកែវ ជាងមួយឆ្នាំនេះ មន្ត្រីនគរបាលជាច្រើនត្រូវបានផ្លាស់ប្តូរតួនាទី និងដំឡើងឋានន្តរស័ក្តិជាបន្តបន្ទាប់ ដោយស្នងការរងនគរបាលខេត្តមានរហូត ដល់២៧រូប ក្នុងនោះមានតែស្នងការរង១៣រូបប៉ុណ្ណោះដែលមានផែនទទួលខុសត្រូវច្បាស់លាស់ ក្រៅពីនេះជាស្នងការរងកិត្តិយស៕
ដោយ៖ សូរិយា