ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជានឹងបញ្ជូនមន្រ្តីជំនាញពន្ធនាគារ៤០រូប ទៅបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចំណារឯកភាព ទៅនឹងសំណើររបស់អង្គការ​សហ ប្រជាជាតិ (UN) ដែលបានស្នើសុំបញ្ជូនមន្រ្តីជំនាញពន្ធនាគារកម្ពុជា ៤០ រូប ទៅបំពេញ​បេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

បើយោងតាមប្រសាសន៍សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបានថ្លែងក្នុងពេលអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការបញ្ជូនមន្រ្តីពន្ធនាគារ ចូលរួមបេសកកម្មរក្សា​សន្តិភាពរបស់អង្គការសហប្រជាជាតិនៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា៖«សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចំណារ​ឯកភាព ទៅនឹងសំណើររបស់អង្គការសហប្រជាជាតិ ដែលបានស្នើសុំបញ្ជូនមន្រ្តី​ជំនាញពន្ធនាគារ​កម្ពុជា ៤០ រូប ទៅបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការ សហប្រជាជាតិ»។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈ មណ្ឌលជាតិគ្រប់គ្រងកងកម្លាំង​រក្សា​សន្តិភាព បោស សំអាតមីន និងកាកសំណល់សង្គ្រាម និងសហការីបានធ្វើបទឧទ្ទេសនាម​អំពីប្រវត្តិបេសកកម្ម UN ការចូលរួមបេសកកម្មរបស់នគរបាល UN ដំណើរការនៃការចូលរួម តម្រូវការហ្វឹកហ្វឺន និងមុខតំណែងសម្រាប់មន្រ្តីនគរបាលជំនាញ៤០រូប។

សម្ដេច ស ខេង សម្ដែងការកោតសរសើរនាយឧត្តម សេនីយ៍ សែម សុវណ្ណនី ដែលបានដឹកនាំការងារបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅបំពេញបេសកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិទទួលបានលទ្ធផលជាបន្តបន្ទាប់ និងនាំមកនូវកិត្តិយសជូនជាតិលើឆាកអន្តរជាតិ។

សម្ដេចក្រឡាហោមបានណែនាំលោករដ្ឋលេខាធិការ ទទួលបន្ទុកពន្ធនាគារ និងអគ្គនាយក​ពន្ធនាគារ បង្កើតយន្តការមួយ ផ្ទៃក្នុងក្រសួងមហាផ្ទៃមួយ ដើម្បីធ្វើការងារនេះ និងត្រូវមានយន្តការសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម៕

ដោយ៖ សូរិយា


ចែករំលែក៖