ខេត្តស្ទឹងត្រែង៖ អគ្គិភ័យហក់ត្របាក់អស់ផ្ទះពលរដ្ឋអស់ទាំងព្រឹក ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ យករថយន្តពន្លត់អគ្គិភ័យ មកជួយពន្លត់តែអកុសល ដោយភ្លើងកំពុងតែឆេះខ្លាំង មិនអាចជួយបានទាន់ពេលវេលា។ ហេតុការណ៍នេះឡើងនៅវេលាម៉ោង ៩ និង ៣០នាទីព្រឹក ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០២៣ ឋិតក្នុងភូមិតាំងតេជោ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង។
នេះបើតាមការបញ្ជាក់ដឹងពីម្ចាស់ផ្ទះឈ្មោះ ឡុង សុផល (ប្តី) និងប្រពន្ធឈ្មោះ ហម យៀប ទាំងអួលដើមករថា: នៅសុខៗក៏ឆេះ តែគាត់សង្ស័យមូលហេតុនេះ មកពីទុស្សេខ្សែភ្លើង ទើបធ្វើឱ្យភ្លើងឆាបឆេះយ៉ាងនេះ ធ្វើឱ្យខូចខាតទ្រព្យសម្បត្តិអស់ទាំងស្រុង។ ម្ចាស់ផ្ទះបានបន្តទៀតថា: ខណ:ពេលឆេះភ្លាមៗនោះ គ្មាននរណាម្នាក់បានដឹងនៅឡើយ នៅពេលអណ្ដាតភ្លើងឆេះ ឡើងសន្ធោរសន្ធៅ ទើបគាត់ដឹងហើយក៏ស្រែកឆោឡោហៅអ្នកជិតខាងឲ្យជួយ តែមិនអាចជួយយកអ្វីបាន។ ក្រោយមកក៏ឃើញមានរថយន្ដពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ មកជួយពន្លត់តែអកុសល ផ្ទះនិងសម្ភារៈក្នុងផ្ទះទាំងប៉ុន្មាន ឆេះអស់គ្មាននៅសល់អ្វីឡើយ។
ជាចុងក្រោយគ្រួសាររងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធ ក៏បានលើកម្រាមដៃ១០ សូមអំពាវនាវដល់សប្បុរសជនជិតឆ្ងាយ ក្នុងនិងក្រៅស្រុក ដើម្បីជួយថវិកាតាមសទ្ធាជ្រះថ្លា តិចក្តីច្រើនក្តី ដើម្បីពួកគាត់បានដោះស្រាយជីវភាពគ្រួសារ និងសាងសង់ខ្ទមជាទីជម្រកបណ្ដោះអាសន្ន។
ជាពិសេសសម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ទីណាមានទុក្ខទីនោះមានវត្តមាន សម្ដេចទាំងទ្វេ ហើយសម្ដេចទាំងទ្វេ ក៏ពុំដែលទុកឲ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយសារដាច់អាហារឡើយ ៕
ដោយ៖ មាស សុផាត