ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចដង្ហោយហៅម្ចាស់សត្វគោដែលលែងឱ្យដើរពាសវាលពាសកាលក្នុងក្រុងមកយកគោរបស់ខ្លួនវិញផង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង នៅថ្ងៃនេះបានប្រាប់ទៅម្ចាស់សត្វគោទាំងឡាយដែលលែងឱ្យដើរពាសវាលពាសកាលនៅក្នុងក្រុងកំពង់ឆ្នាំងឱ្យមកទទួលយកសត្វគោរបស់ខ្លួនវិញផង ក្រោយពីសមត្ថកិច្ចបានចាប់ទុកក្នុងពេលដែលសត្វគោដើរប្រសេចប្រសាច និងចូលទៅក្នុងសួនច្បារសាធារណៈក្នុងក្រុង ស៊ីបំផ្លាញបង្កឱ្យខូចខាតនិងប៉ះពាល់ដល់សោភណភាពក្រុងផងដែរ ។

  អធិការនគរបាលក្រុងកំពង់ឆ្នាំង លោក ឆាយ ខែមរ័ត្ន បានប្រាប់ឱ្យដឹងថា កន្លងមកនេះម្ចាស់សត្វគោតែងតែលែងសត្វគោឱ្យដើរពាសពេញផ្លូវ ជួនកាលមកបំផ្លាញស្មៅ ផ្កាតាមសួនសារធារណៈ ដែលអាជ្ញាធរក្រុង-ខេត្តបានខំមើលថែ។ ជាច្រើនលើកមកហើយដែលអាជ្ញាធរនិង សមត្ថកិច្ចនគរបាលបានហៅម្ចាស់គោទាំងនេះមកណែនាំនិងធ្វើកិច្ចសន្យា តែម្ចាស់សត្វដែលចិញ្ចឹមទាំងនេះនៅតែធ្វើមិនដឹងមិនឮ ហើយលែងសត្វគោមកតាមទីសាធារណៈដដែល ។

លោកអធិការបានឱ្យដឹងទៀតថា សត្វគោដែលមត្ថកិច្ចបានចាប់ទុកនេះ មានចំនួន២០ក្បាល ហើយបានអំពាវនាវដល់ម្ចាស់សត្វគោទាំងអស់ដែលបាត់គោមកទទួលយកសត្វគោវិញនៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ៕

ដោយ៖ ចន្ថា


ចែករំលែក៖