ព័ត៌មានទាន់ហេតុការណ៍៖

លោក គីម ជុងអ៊ុន ចូលរួមពិធីព្យុហយាត្រាយោធារំលឹកខួបលើកទី ៧៥ នៃការបង្កើតកងទ័ពកូរ៉េ

ចែករំលែក៖

នៅល្ងាចថ្ងៃទី៨ ខែកុម្ភៈ មេដឹកនាំគីម ជុងអ៊ុន បានបង្ហាញខ្លួននៅក្នុងពិធីដង្ហែក្បួនព្យុហយាត្រាយោធាទ្រង់ទ្រាយធំ រំលឹកខួបលើកទី ៧៥ នៃការបង្កើតកងទ័ពប្រជាជនកូរ៉េខាងជើង។
យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានផ្សាយថា នៅឯព្យុហយាត្រាយោធាដែលបានធ្វើឡើងពេញមួយយប់ក្នុងទីក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ុន បានបង្ហាញខ្លួនក្នុងសម្លៀកបំពាក់ដែលរំឭកដល់រូបភាពរបស់មេដឹកនាំដំបូងគេលោក គីម អុីលស៊ុង។
រូបភាពពីទីភ្នាក់ងារសារព័ត៌មានមជ្ឈិមផ្លូវការរបស់កូរ៉េខាងជើង (KCNA) បង្ហាញថា មេដឹកនាំកូរ៉េខាងជើងញញឹម និងគ្រវីដៃដល់ភ្ញៀវទាំងអស់ខណៈដែលកំពុងមើលក្បួនដង្ហែយ៉ាងយកចិត្តទុកដាក់។ សារព័ត៌មាន KCNA មិនបានបញ្ចេញព័ត៌មានលម្អិតអំពីការដង្ហែក្បួននោះទេ រួមទាំងការថ្លែងសុន្ទរកថាណាមួយរបស់លោក គីម ជុងអ៊ុននោះដែរ ។
យោងតាមរូបភាពពីផ្កាយរណបដែលថតដោយ Maxar នៅឯក្បួនដង្ហែនោះ ប្រព័ន្ធសព្វាវុធចុងក្រោយបង្អស់របស់ទីក្រុងព្យុងយ៉ាងត្រូវបានបង្ហាញ រួមទាំងប្រព័ន្ធកាំជ្រួចផ្លោងឆ្លងទ្វីប (ICBM) ដែលដើរដោយថាមពលឥន្ធនៈ៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ Vietnamnet +)


ចែករំលែក៖