ព័ត៌មានទាន់ហេតុការណ៍៖

កងការពារព្រំដែនលេខ៥០៤ បន្តចាត់កម្លាំងល្បាតតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រទទួលខុសត្រូវ

ចែករំលែក៖

ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ឯក យ៉យ សុីដូ មេបញ្ជាការ កងការពារព្រំដែនលេខ៥០៤ យោធភូមិភាគទី ៥ នៅថ្ងៃទី១០ ខែ កុម្ភៈ ឆ្នាំ ២០២៣ បានបន្តចាត់តាំងកម្លាំងកងឯកភាពចំណុះ ដើរល្បាតសហការត្រួតពិនិត្យភូមិសាស្ត្រ និងល្បាតត្រួតពិនិត្យបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រដែលអង្គភាពទទួលខុសត្រូវគ្រប់ចំណុចគោលដៅដែលបានកំណត់ទុក ដើម្បីតាមដានសភាពការណ៍ ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់បទល្មើសផ្សេងៗ។ 

 ជាក់ស្ដែងកម្លាំងកងឯកភាពចំណុះ បានដើរល្បាតស្ថិតក្នុងភូមិសាស្ត្រដែលទទួលខុសត្រូវ ដើម្បីពង្រឹងដល់កងកម្លាំងជាប្រចាំការ ឱ្យបានយ៉ាងតឹងរឹង និងសហការគ្នាឱ្យបានល្អថែមទៀត ជាមួយកម្លាំងប្រចាំការនីមួយៗ ដើម្បីរក្សាសុខសន្តិភាពស្ថេរភាពជូនប្រជាពលរដ្ឋ ក្នុងការទប់ស្កាត់រាល់សកម្មភាព បទល្មើសឆ្លងដែនខុសច្បាប់ លទ្ធផលសភាពការណ៍នៅលើខ្សែបន្ទាត់ព្រំដែនគ្មានអ្វីប្រែប្រួល។ 

ដោយឡែក​នៅឯខេត្តកណ្ដាល​ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការកងការពារព្រំដែនលេខ ៦០១ បានបន្តចាត់តាំងលោកអនុសេនីយ៍ទោ ផន ធារិទ្ធិ មេបញ្ជាការកងអនុសេនាធំល្បាតទី២ ដឹកនាំកម្លាំងដើរល្បាត ត្រួតពិនិត្យភូមិសាស្រ្ត តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ភូមិសាស្រ្តដែលអង្គភាពទទួលខុសត្រូវ ដើម្បីតាមដាន និងក្តាប់ឱ្យជាប់នូវរាល់សភាពការណ៍ប្រែប្រួលតាមព្រំដែន ព្រមទាំងទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលអាចកើតមានឡើង ជាលទ្ធផល សភាពការណ៍នៅលើខ្សែបន្ទាត់ព្រំដែន ដែលអង្គភាពទទួលខុសត្រូវគ្មានអ្វីប្រែប្រួលឡើយ ។

ក្នុងនោះដែរ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការ បានជំរុញឱ្យគ្រប់បណ្តាកងល្បាតទាំងអស់ត្រូវបង្កើនការដើរល្បាតអោយបានជាប់ជាប្រចាំ និងបានដាក់ចេញនូវបទបញ្ជា ដល់មេបញ្ជាការគ្រប់កងឯកភាព ត្រូវអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើ ក៏ដូចជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការកសាងព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អ និងការអភិវឌ្ឍ ៕

ដោយ​៖សហការី​


ចែករំលែក៖