ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសអាយុ២ឆ្នាំនៅមានជីវិត ក្រោយកប់គ្រោមគំនរអគារបាក់បែក៧៨ម៉ោង

ចែករំលែក៖

ពិតជារឿងមួយដ៏អស្ចារ្យ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ក្រុមជួយសង្គ្រោះ និងជាការផ្តល់កម្លាំងចិត្តដល់ក្រុមជួយសង្គ្រោះបង្កើនសកម្មភាពបន្ថែមទៀតក្នុងការស្វែងរកអ្នកនៅមានជីវិតកប់ក្រោមគំនរអគារបាក់បែក បន្ទាប់ពីបានរកឃើញកុមារអាយុ២ឆ្នាំនៅមានជីវិត ត្រូវបានសង្គ្រោះចេញពីគំនរអគារបាក់បែកក្រោយ ៧៨ម៉ោង។
នៅថ្ងៃទី១០ខែកុម្ភៈ ក្មេងប្រុសអាយុ២ឆ្នាំត្រូវបានជួយសង្គ្រោះ ចេញពីគំនរអគារបាក់បែកមានកម្ពស់៤ជាន់ ស្ថិតនៅក្នុងស្រុក Odabasi ទីក្រុង Antakya ប្រទេសទួរគី ។ ក្រុមជួយសង្គ្រោះមកពីប្រទេស រ៉ូម៉ានី និង ប៉ូឡូញបានខិតខំរកឃើញកុមារដ៏កម្សត់នេះ។
នៅពេលនេះដែរ សហគមន៍អន្តរជាតិបានខិតខំជួយដល់ប្រទេសទាំងពីរដែលកំពុងប្រឈមនឹងវិបត្តិយ៉ាងខ្លាំង ។ នៅពេលនេះដែរ សហរដ្ឋអាមេរិកបានប្រកាសផ្តល់ជំនួយជំហានដំបូងសរុប ៨៥លានដុល្លារសម្រាប់ការសង្រ្គោះជាបន្ទាន់ ក្រោយហេតុការណ៍គ្រោះរញ្ជួយដីដ៏ប្រល័យនៅឯប្រទេសទួរគីនិងស៉ីរី។
ទីភ្នាក់ងារអាមេរិក USAID បាននិយាយថា មូលនិធិខាងលើនឹងត្រូវប្រគល់ទៅកាន់ដៃគូក្នុងតំបន់ ដើម្បីនាំយកជំនួយដ៏ចាំបាច់បន្ទាន់ផ្តល់ជូនមនុស្សចំនួនរាប់លាននាក់ រួមមានស្បៀងអាហារ កន្លែងជ្រកកោន និងសេវាសុខភាពជាដើម។ USAID បានបន្ថែមថា ថវិកាទាំងនេះក៏នឹងជួយគាំទ្រចំពោះទឹកបរិភោគមានសុវត្ថិភាព ព្រមទាំងអនាម័យ ដើម្បីទប់ស្កាត់ការផ្ទុះរាតត្បាតនៃជំងឺឆ្លងផ្សេងៗថែមទៀត។ មិនតែប៉ុណ្ណោះ សហរដ្ឋអាមេរិកក៏បានបញ្ជូនក្រុមសង្រ្គោះហើយចូលរួមចំណែកផ្តល់សម្ភារនិងឧបករណ៍ចម្រុះជាច្រើន ផងដែរ។
គិតត្រឹមព្រឹកថ្ងៃសុក្រនេះ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី ដែលបានវាយប្រហារកាលពីថ្ងៃចន្ទ គឺបន្តកើនលើសពី២១,០០០នាក់ហើយ នៅក្នុងប្រទេសទួរគីនិងស៉ីរី។ តួលេខនេះបានឡើងហួសផុតពីចំនួនអ្នកស្លាប់ជាង ១៧,០០០នាក់ កាលពីឆ្នាំ១៩៩៩ នៅពេលហេតុការណ៍រញ្ជួយដីខ្លាំងស្រដៀងគ្នា បានវាយប្រហារភាគពាយព្យទួរកី៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ phunuvietnam.vn


ចែករំលែក៖