ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ៥រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅតំណាង លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានី ភ្នំពេញ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។
ពិធីនេះក៏មានការចូលរួម លោកអនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់រាធានីភ្នំពេញ , លោកប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្មសំណង់ សុរិយោដី និងភូមិបាល ខណ្ឌច្បារអំពៅ , លោក-លោកស្រី ជាអភិបាលរងខណ្ឌ , លោកស្រីចៅសង្កាត់ រួមនិងប្រជាពលរដ្ឋជាង៣០០នាក់ ។
មានមតិសំណេះសំណាលក្នុងពិធីនេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅតំណាងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានី បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលទទួលបានចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សូមរក្សាទុកឱ្យបានត្រឹមត្រូវព្រោះប័ណ្ណនេះមានតំលៃណាស់សម្រាប់សំគាល់ដីស្របច្បាប់របស់បងប្អូនគ្មានអ្នកណាមករំលោភបំពានបានឡើយ ។
លោកអភិបាលខណ្ឌបានបន្តថា ស្នើសុំឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរក្នុងការផ្តល់ព័ត៌មានសកម្មភាពក្មេងទំនើង ទីកន្លែងលួចសេព និងប្រើប្រាស់គ្រឿងញៀន និងសកម្មភាពល្មើសផ្សេងទៀត យើងត្រូវរួមគ្នាអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ឱ្យមានប្រសិទ្ធិភាព ។ ការងារសន្តិសុខនេះជាកត្តាសំខាន់ណាស់ដែលមិនអាចខ្វះបាន ហើយមនុស្សគ្រប់គ្នា គ្រប់ស្រទាប់វណ្ណៈ មិនថាអ្នកមានឬអ្នកក្រនោះទេ គឺចង់បានមូលដ្ឋានមានសន្តិសុខល្អ រស់នៅក្នុងភាពសុខដុមរម្យនា ។
នៅចុងបញ្ចប់លោកអភិបាលខណ្ឌបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមត្រៀមខ្លួនទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដោយបោះឆ្នោតឱ្យគណបក្សណាដែលបានរំដោះអាយុជីវិតបងប្អូននិងរំដោះប្រទេសជាតិរួចផុតពីរបបប្រល័យពូជសាសន៍ ស្វែងរកសន្តិភាពជូនសង្គមជាតិ សង្រោះជីវិតបងប្អូនឱ្យរួចផុតពីជំងឺ កូវីដ-១៩ អភិវឌ្ឍន៍ប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះ ៕
ដោយ ៖ សណ្តោស