ព័ត៌មានទាន់ហេតុការណ៍៖

អុីរ៉ង់ជឿថា អាមេរិកនិងប្រទេសអឺរ៉ុបបានគណនាខុស

ចែករំលែក៖

ប្រធានាធិបតីអុីរ៉ង់ លោក Ebrahim Raisi បានអះអាងថា អុីរ៉ង់មានជំនឿល្អក្នុងការចរចាបរមាណូ ដើម្បីឈានដល់កិច្ចព្រមព្រៀងដោយយុត្តិធម៌ ប៉ុន្តែលោកបាននិយាយថា សហរដ្ឋអាមេរិកនិងបណ្តាប្រទេសអឺរ៉ុបបានគិតខុសលើបញ្ហាខាងលើ។
នៅក្នុងសុន្ទរកថាទៅកាន់បេសកកម្មការទូតនៅទីក្រុងតេហេរ៉ង់កាលពីថ្ងៃទី ៩ ខែកុម្ភៈ លោកប្រធានាធិបតី Raisi បាននិយាយថា អុីរ៉ង់ត្រៀមខ្លួនជាស្រេចដើម្បីបញ្ចប់ការស្ដារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ប៉ុន្តែថាសហ
រដ្ឋអាមេរិកនិងសហភាពអឺរ៉ុបទាំងបី (ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់) បានជាប់នៅក្នុងការបំភាន់និងការគណនាខុស។
លោក Raisi បាននិយាយថា សហរដ្ឋអាមេរិកនិងបណ្តាប្រទេសអឺរ៉ុបចង់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អុីរ៉ង់ និងគាំទ្រការតវ៉ានៅក្នុងប្រទេសនេះ។ លោកប្រធានាធិបតី Raisi បានបញ្ជាក់ថា អុីរ៉ង់នៅតែកំពុងមានវឌ្ឍនភាពក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ខ្លួន និងបង្កើតបណ្តាញទូលំទូលាយក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ ដោយបន្ថែមថា អុីរ៉ង់ត្រៀមខ្លួនរួចជាស្រេចក្នុងការចែករំលែកសមត្ថភាពវិទ្យាសាស្ត្រ បច្ចេកវិទ្យា សេដ្ឋកិច្ច ថាមពលជាមួយប្រទេសដទៃទៀតដើម្បីបង្កើតយន្តការទំនើបសម្រាប់លើកកម្ពស់ផលប្រយោជន៍រួម។
កាលពីដើមខែកុម្ភៈ ឆ្នាំ 2023 អុីរ៉ង់បានទទួលសារពីភាគីនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរតាមរយៈកាតារ ហើយអុីរ៉ង់បានបញ្ជាក់ថា ខ្លួនតែងតែស្វែងរកការបង្កើតបរិយាកាសសមស្របមួយ ដើម្បីធ្វើការចរចាបន្ថែមទាក់ទងនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។

សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងក្នុងបរិបទនៃភាពតានតឹងរវាងអុីរ៉ង់ នឹងអុីស្រាអែល ការចរចានៅទីក្រុង Vienna (អូទ្រីស) បានជាប់គាំង៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ AP


ចែករំលែក៖