សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ បានផ្សាយថា មន្ត្រីជាន់ខ្ពស់ចិនមួយរូបបានប្រាប់មន្ត្រីជាន់ខ្ពស់ម្នាក់មកពីគណបក្សប្រឆាំងនៅតៃវ៉ាន់ថា គណបក្សកុម្មុយនិស្ដចិន និងគណបក្សគួមិញតាំង Kuomintang (KMT) របស់តៃវ៉ាន់ គួរតែប្រឆាំងនឹងរាល់ការប៉ុនប៉ងប្រកាសឯករាជ្យភាពរបស់តៃវ៉ាន់ និងការលូកលាន់ចូលកិច្ចការផ្ទៃក្នុងពីកម្លាំងខាងក្រៅ ដែលជាទូទៅចិនចង់សំដៅទៅលើសហរដ្ឋអាមេរិក។
លោក Wang Huning ជាមេដឹកនាំជាន់ខ្ពស់ឈរនៅលំដាប់លេខរៀងទី៤ នៅក្នុងគណបក្សកុម្មុយនិស្ដចិនបានធ្វើការកត់សម្គាល់ខាងលើប្រាប់លោក Andrew Hsia ដែលជាអនុប្រធានគណបក្សគួមិញតាំង ដែលជាបក្សប្រឆាំងដ៏ធំបំផុតនៅតៃវ៉ាន់ នៅក្នុងជំនួបមួយនៅឯទីក្រុងប៉េកាំង កាលពីថ្ងៃសុក្រសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ លោក វ៉ាង ហ៊ូនីង បានបញ្ជាក់ថា គណបក្សទាំង២ គួរតែធ្វើការរួមគ្នាដើម្បីរក្សាឱ្យបាននូវសន្តិភាពក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់។ ដោយឡែក បើតាមសេចក្ដីថ្លែងការណ៍មួយរបស់គណបក្សគួមិញតាំង លោក សៀ ក៏បានប្រាប់លោក វ៉ាង វិញដែរថាមិនថាចិននិងតៃវ៉ាន់មានការខ្វែងគំនិតគ្នាធំប៉ុនណានោះទេ ដរាបណាឱ្យតែភាគីទាំង២អាចបន្តកិច្ចសន្ទនា និងចាត់ទុកថាការរក្សាសន្តិភាពក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ជាកាតព្វកិច្ចចម្បងនោះគ្មានឧបសគ្គ ឬភាពលំបាកណាមួយ ដែលមិនអាចដោះស្រាយបាននោះឡើយ។
គណបក្សប្រជាធិបតេយ្យចម្រើននិយមរបស់ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន បានថ្កោលទោសយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចរបស់លោក អែនឌ្រូន សៀ ទៅកាន់ទីក្រុងប៉េកាំង ដោយចោទថាលោកមានទំនោរងាកទៅរកកុម្មុយនិស្ដ។ គណបក្សគួមិញតាំង Kuomintang (KMT) ត្រូវបានគេមើលឃើញថាមានទំនាក់ទំនងល្អជាមួយចិន ប៉ុន្តែជារឿយៗតែងតែបក្សប្រឆាំងតៃវ៉ាន់មួយនេះ បានច្រានចោលការចោទប្រកាន់ដែលថាខ្លួនជាអ្នកគាំទ្រទីក្រុងប៉េកាំង៕ ដោយ៖ ធីរីណា
រូបថត ៖ plo.vn