ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ១២ ខែកុម្ភ: ឆ្នាំ ២០២២ តំណាងក្រសួងព័ត៌មាន ដឹកនាំដោយ លោក កឹម គុណវឌ្ឍន៍ លោក ប៉ែន បូណា រដ្ឋលេខាធិការក្រសួងព័ត៌មាន និង លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយកព័ត៌មាន និងសោតទស្សន៍ បានអញ្ជើញតំណាងវិទ្យុ VOD មកជួបប្រជុំ ដើម្បីធ្វើការបកស្រាយពាក់ព័ន្ធការចុះផ្សាយមួលបង្កាច់ពី វិទ្យុ VOD មកលើ លោក ហ៊ុន ម៉ាណែត ។
សូមបញ្ជាក់ថា, កាលពីល្ងាចម្សិលមិញ សម្តេចតេជោ ហ៊ុនសែន បានទុកពេលអោយខាង VOD រយៈ៧២ ម៉ោងដើម្បីធ្វើការសូមទោស ដល់ថ្ងៃនេះ សម្តេចបានកាត់បន្ថយម៉ោងនៅត្រឹម ២៤ បន្ទាប់ពីសារព័ត៌មានមួយនេះ សរសេរគ្មានមូលដ្ឋាន ប៉ះពាល់ដល់ លោកបណ្ឌិត ហ៊ុន ម៉ាណែត , រាជរដ្ឋាភិបាល ជាដើម។
នៅម៉ោង១១និង០០នាទីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហោះលើផេកផ្លូវការថា, មុននេះបន្តិចខ្ញុំបានឆ្លើយតបជាមួយឈ្មោះ Min Povទាក់ទងដល់វិទ្យុVODដូចមានខ្លឹមសារជូនភ្ជាប់មកជាមួយ។
សម្តេចតេជោ មានប្រសាសន៍ថា, ខ្ញុំកំពុងរង់ចាំចម្លើយពីគាត់វិញ។
សម្តេចតេជោ បានលើកឡើងថា, ពេលនេះខ្ញុំសម្រេចកាត់បន្ថយពេលវេលាសូមទោសមកនៅត្រឹម២៤ម៉ោងគឺកំណត់ត្រឹមម៉ោង10.00នាទីព្រឹកថ្ងៃ១៣កុម្ភៈ២០២៣វិញ។
សម្តេចតេជោថ្លែងថា, ដើម្បីកុំឲ្យយប់យូរសុបិនច្រើននិងអន្ទង់វែងឆ្នាំងវែងខ្ញុំបញ្ជាឲ្យក្រសួងព័ត៌មានលុបចោលអាជ្ញាប័ណ្ណបញ្ចប់ការផ្សាយរបស់វិទ្យុVODត្រឹមម៉ោង10.00នាទីថ្ងៃទី១៣កុម្ភៈ២០២៣ស្អែកនេះក្នុងករណីដែលពួក គេមិនបានធ្វើការសូមទោស។
សម្តេចតេជោ ចាត់ទុកថា, ដំបៅមិនឈឺកុំយកឈើចាក់។បើគង់តែពួក គេចោទថាខ្ញុំប្រើអំណាចខ្ញុំត្រូវតែប្រើអំណាចនេះដើម្បីបំពេញបំណងរបស់ពួកគេ។
សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍បញ្ជាក់ថា, ស្អែកនេះឯកឧត្តមប៊ិន ឈិននឹងត្រូវធ្វើជា នាយករដ្ឋមន្ត្រីស្តីទីត្រូវធ្វើកិច្ចការនេះឲ្យបានព្រោះទាំងខ្ញុំសម្តេច ស ខេង ទៀ បាញ់ លោកជំទាវម៉ែន សំអននឹងទស្សនកិច្ចនៅឡាវជាមួយគ្នា៕
ដោយ ៖ សិលា