ភ្នំពេញ ៖ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ ចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចលុបចោលអាជ្ញាប័ណ្ណរបស់វីអូឌី (VOD) ដោយត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង ១០ ព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ពីព្រោះអង្គភាព ព័ត៌មាននេះ បានរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដែលបាន ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។
កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ចាត់ទុកថា ចំណាត់ការនេះគឺជាការអនុវត្តច្បាប់ ចំពោះអង្គភាពព័ត៌មានដែលមានកំហុសធ្ងន់ធ្ងរក្នុងការអនុវត្តវិជ្ជាជីវៈ សំដៅទប់ស្កាត់ និងលុបបំបាត់ ព័ត៌មានក្លែងក្លាយ ដែលបំពានសិទ្ធិសេរីភាពបុគ្គល និងសណ្តាប់ធ្នាប់សាធារណៈ។
កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ – សូមប្រកាសថ្កោលទោសចំពោះរាល់អំពើ ខុសច្បាប់ទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាព និងសន្តិសុខជាតិ ហើយក្នុងនាមជាកង កម្លាំងដែលមានភក្ដីភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ យើងក៏សូមប្ដេជ្ញាការពាររដ្ឋធម្មនុញ្ញ និង គោលការណ៍នីតិរដ្ឋ ដើម្បីធានាការពារនិរន្តរភាព និងផលប្រយោជន៍ដ៏ខ្ពង់ខ្ពស់របស់ជាតិ៕
ដោយ ៖ សិលា