ខេត្តកណ្តាល៖ កម្លាំងចម្រុះបានចុះមកពិនិត្យវាស់វែងកាលពីរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ខណៈដែលលោកញ៉ែម សារ៉ាឌី មានមុខងារជាមន្ត្រីជំនាញសុរិយោដីបានរំលោភយកដីចំណីផ្លវសាធារណៈនៅក្នុងភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ។ ការដែលកម្លាំងចម្រុះចុះមកពិនិត្យវាស់វែងនេះធ្វេីឡេីងក្រោយប្រជាពលរដ្ឋប្រមាណ១២នាក់តំណាងឱ្យប្រជាពលរដ្ឋជាច្រេីនគ្រួសារដែលរស់នៅអមសងខាងផ្លូវលំស្ថិតនៅក្នុងភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ បានផ្តិតមេដៃលើសំណេីសុំកិច្ចអន្តរាគមន៍ពីលោកគង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។
ចៅសង្កាត់ព្រែកឫស្សីលោកឆេង ឆៃ បានឱ្យដឹងថា រូបលោកបានចូលរួមជាមួយជំនាញភូមិបាលក្រុងតាខ្មៅ និងជំនាញមន្ទីរសុរិយោដីខេត្តយកម៉ាសុីនមកវាស់បានបញ្ជាក់ច្បាស់ថា ខាងលោកញ៉ែម សារ៉ាឌី ធ្វេីរបងចូលដីផ្លូវជិត២ម៉ែត្រ(១៩៥ស.ម.) រីឯខាងលោកស្រីអ៊ុក ចាន់ណាតធ្វេីរបងចូលដីផ្លូវជាង១ម៉ែត្រ(១៦៣ស.ម.)។ លោកឆេង ឆៃ ចៅសង្កាត់ព្រែកឫស្សី បានបញ្ជាក់ថារបលោកនិងកម្លាំងជំនាញចុះអង្កេតវាស់វែងនេះគឺក្រោមការបញ្ជាផ្ទាល់ពីលោកអភិបាលខេត្ត តែការសម្រេចយ៉ាងណារង់ចាំចំណាត់ការជាក្រោយពីលោកគង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។ ពលរដ្ឋដែលរស់នៅអមសងខាងផ្លូវលំខាងលេីបានអបអរសាទរចំពោះចំណាត់ការលោកគង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលដែលបានបញ្ជាឱ្យជំនាញក៏ដូចជាអាជ្ញាធរចុះមកអង្កេតភ្លាមៗក្រោយពីប្រជាពលរដ្ឋដាក់ពាក្យសុំឱ្យលោកជួយធ្វើអន្តរាគមន៍ដែលមានខ្លឹមសារដូចតទៅ៖
យេីងខ្ញុំជាប្រជាពលរដ្ឋប្រមាណ១២នាក់តំណាងឱ្យប្រជាពលរដ្ឋជាច្រេីនគ្រួសារដែលរស់នៅអមសងខាងផ្លូវលំស្ថិតនៅក្នុងភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ បានផ្តិតមេដៃសំណេីសុំកិច្ចអន្តរាគមន៍ពីលោកគង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលមេត្តាជួយធ្វើអន្តរាគន៍ ដោយបញ្ជាក់ក្នុងលិខិតស្នើសុំអន្តរាគមន៍យ៉ាងដូច្នេះថា យើងខ្ញុំទាំងអស់គ្នា សូមគោរពអនុញ្ញាតជម្រាបជូនលោកអភិបាល នៃគណ:អភិបាល ខេត្តកណ្តាល មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា៖ ផ្លូវនេះមានទំហំ៦ម៉េត្រ គិតតាមប្លង់គោលរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល ប៉ុន្តែនៅពេលបច្ចុប្បន្នផ្លូវនេះមានទំហំត្រឹមតែ ២,១ម៉ែត្រ តែប៉ុណ្ណោះ ដោយសារតែឈ្មោះ ញ៉ែម សារ៉ាឌី (ជាមន្ត្រីជំនាញសុរិយោដី) និង ឈ្មោះ អ៊ុក ចាន់ណាត បានធ្វើរបង រំលោភបំពានលើផ្លូវសាធារណៈដែលផ្ទុយនឹងច្បាប់ទាំងស្រុង និងខុសគោលការណ៍របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលបានចែងរួចមកហើយ នេះជាការរំលោភបំពានសិទ្ធិយ៉ាងធ្ងន់ធ្ងរមកលើប្រជាពលរដ្ឋស្លូតត្រង់ដែលរស់នៅក្នុងភូមិ ព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន និងមិនគិតពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរទៅមកក្នុងការប្រកបមុខរបរដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ៕
ដោយ៖ ស្អាងជ័យ