ភ្នំពេញ ៖ នារសៀលថ្ងៃពុធ ១០រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ឆ្លងរបាយការណ៍សន្និបាតត្រួតពិនិត្យការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និងឯកសារពាក់ព័ន្ធ នៅទីស្ដីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកអគ្គនាយក អគ្គនាយករង ប្រធាន និងអនុប្រធានអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ និងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត។
អញ្ជើញមានប្រសាសន៍បើកកិច្ចប្រជុំនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ទាំងថ្នាក់ដឹកនាំកម្រិតនយោបាយ និងកម្រិតបច្ចេកទេស ដែលបានដឹកនាំរៀបចំសេចក្ដីព្រាងឯកសារពាក់ព័ន្ធនានាសម្រាប់ការរៀបចំសន្និបាតក្រសួងមហាផ្ទៃ និងបានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យឆ្លងរបាយការណ៍នាពេលនេះ។
នាយឧត្តមសេនីយ៍ ប៉ោ ភក្ដិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានរាយការណ៍ក្នុងកិច្ចប្រជុំថា ឯកសារដែលបានដាក់ឆ្លងកិច្ចប្រជុំនាថ្ងៃនេះ រួមមានកម្មវិធីសន្និបាត សុន្ទរកថា បើកសន្និបាតរបស់សម្ដេចក្រឡាហោម ស ខេង ប្រធានបទពិភាក្សា សេចក្ដីព្រាងរបាយការណ៍ត្រួតពិនិត្យការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និងការងារមួយចំនួនទៀត។
សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃ បានរៀបចំសន្និបាតជារៀងរាល់ឆ្នាំ ដើម្បីបូកសរុបលទ្ធផលការងារសម្រេចបានក្នុងឆ្នាំចាស់ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំថ្មី៕
ដោយ ៖ សហការី