ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្សសរុបប្រមាណ សរុបចំនួន ១,៩៤៦នាក់ ក្នុងនោះ នារី ១,០៣៣នាក់។ វិធីនេះត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលពិពណ៌ពាណិជ្ជកម្មជ្រោយចង្វារ (OCIC)។
និស្សិតដែលបានបញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រនេះ រួមមាននិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៩-២០២០ និងឆ្នាំសិក្សា២០២០-២០២១។ ក្នុងនោះ ក៏មាននិស្សិតអាហារូបករណ៍របស់សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតចំនួន ៣២នាក់ផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះសាកលវិទ្យាល័យធនធានមនុស្ស ដែលបានជម្នះការលំបាកទាំងឡាយ ចូលរួមក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។
សម្តេចតេជោបានមានប្រសាសន៍រំលឹកថា ការរាតត្បាតជំងឺកូវីដ១៩ គឺជាការលំបាកមួយរបស់សង្គម តែការរួបរួមគ្នាបានធ្វើឱ្យកម្ពុជា បានយកឈ្នះលើមេរោគរាតត្បាតនេះ ឈានទៅបើកសង្គមទូលំទូលាយ និងការជួបជុំនានា។
សម្តេចតេជោនាយករដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងចំណោមសិស្សគោលដៅ ១លាន ៥សែន សម្រាប់បណ្តុះបណ្តាលវិជ្ជាជីវៈ ក៏រាប់បញ្ចូលទាំង វិជ្ជាជីវៈដូនតា រួមមាន តម្បាញ ចម្លាក់ គំនូរ និងស្មូនផងដែរ។សម្តេចតេជោបានមានប្រសាសន៍ថា សិស្សដែលត្រូវទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ទទួលបានអប់រំដោយមិនអស់ប្រាក់ ហើយទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែថែមទៀតផង។
សម្តេចតេជោបានមានប្រសាសន៍ថា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមខាងមុខនេះ ការដណ្តើមមេដាយជារឿងមួយ តែក្នុងនាមជាម្ចាស់ផ្ទះ ត្រូវរៀបចំការប្រកួតនេះឱ្យបានល្អ។ សម្តេចតេជោបានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសយកចិត្តទុកដាក់លើរឿងអនាម័យក្នុងពេលកម្ពុជារៀបចំការប្រកួតស៊ីហ្គេម ពិសេសខេត្តក្រុងទេសចរណ៍នានា។
នៅថ្ងៃនេះទាក់ទងទៅនឹងសារនយោបាយ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការផ្សាយថា ឯកឧត្តម ហ៊ុន ម៉ាណែត ចុះហត្ថលេខាផ្តល់ជំនួយទៅតួកគី ជំនួសសម្តេច គឺជាកំហុសមួយដ៏ធ្ងន់ធ្ងរ ជាពិសេសជាការវាយប្រហារដ៏ធ្ងន់ទៅដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល លើការចាត់ចែងថវិកាជាតិ។
សម្តេចតេជោបានថ្លែងធ្ងន់ៗថា «កុំរំពឹងថា វិទ្យុវីអូឌី រស់ឡើងវិញឱ្យសោះ»។សម្តេចនឹងត្រៀមសួរទៅបរទេសថា តើការផ្សាយចោទ ហ៊ុន ម៉ាណែត ចុះហត្ថលេខាផ្តល់ជំនួយជំនួសសម្តេច ជាសិទ្ធិបញ្ចេញមតិ ឬជាព័ត៌មានក្លែងក្លាយ?។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបិទវិទ្យុ វីអូឌី មិនធ្វើឱ្យស្លាប់ប្រជាធិបតេយ្យនៅកម្ពុជានោះទេ។
សម្តេចតេជោ ហ៊ុន សែន ទម្លាយរឿងប្រធានាធិបតីបារាំង ឱ្យលេខទូរស័ព្ទទាក់ទងគ្នាផ្ទាល់ និងបង្កើនកម្រិតស្និទ្ធស្នាល លើសពីទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ ដោយក្លាយជាមិត្តភក្តិបងប្អូននឹងគ្នា។
សម្តេចតេជោបានស្នើសុំការយោគយល់ពីប្រធានាធិបតីបារាំង ចំពោះការទម្លាយនូវទំនាក់ទំនងរវាងសម្តេច និងលោកប្រធានាធិបតី។សម្តេចតេជោទម្លាយថា ប្រធានាធិបតីបារាំង ស្នើសម្តេចកាន់អំណាច៣-៤ឆ្នាំបន្តទៅទៀត ដើម្បីធ្វើជាដៃគូជាមួយរូបលោក។
មុននឹងបញ្ចប់ សម្ដេចតេជោ ហ៊ុន សែន ក៏បានអបអរសាទរចំពោះនិស្សិតជ័យលាភី និងឪពុកម្ដាយអាណាព្យាបាលទាំងអស់ដែលបានផ្ដល់ឱកាសឲ្យកូនៗបានសិក្សារៀនសូត្រទទួលបាននូវភាពជោគជ័យនាពេលនេះ និងជូនពរឲ្យទទួលបាននូវភាពជោគជ័យក្នុងការងារជាបន្តបន្ទាប់ទៀតនៅពេលខាងមុខ៕
ដោយ៖ស តារា