ភ្នំពេញ ៖ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ទាំងពេលកន្លងទៅ និងពេលនេះទៅមុខ មិនអនុញ្ញាតឱ្យអ្នកណាមកនិយាយលាបពណ៌ ឬប្រមាថមកលើគណបក្សប្រជាជនកម្ពុជា ដោយគណបក្សប្រជាជនមិនតបត។ យើងត្រូវតែធ្វើសកម្មភាពខាងផ្លូវច្បាប់។ សម្តេចតេជោ ហ៊ុនសែន ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្ស នៅមជ្ឈមណ្ឌលពិព័រណ៍ពាណិជ្ជកម្មជ្រោយចង្វារ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការប្រកួតប្រជែងខាងកម្មវិធីនយោបាយ គឺត្រូវប្រកួតប្រជែង ហើយគណបក្សប្រជាជនមិនបានបង្អាប់នូវកម្មវិធីនយោបាយរបស់អ្នកណា ហើយអ្នក ក៏មិនត្រូវបង្អាប់កម្មវិធីនយោបាយរបស់គណបក្សប្រជាជននោះដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានសង្កត់បញ្ជាក់ថា ការចោទប្រកាន់គណបក្សប្រជាជន ថា ជាគណបក្សអាយ៉ង ជាគណបក្សលួចសន្លឹកឆ្នោត គឺយើងមិនអាចទទួលយកបាននោះទេ ហើយគណបក្សប្រជាជនកម្ពុជា ត្រូវតែធ្វើសកម្មភាពតាមផ្លូវច្បាប់។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ពួកអ្នកឯងបានបំពានលើខ្ញុំម្តងហើយ ម្តងទៀតរហូតទៅដល់មិនទុកឱកាសសូម្បីតែពេលកំពុងកាន់ទុក្ខប្អូនស្រី ក្រុមពួកអ្នកឯងចេញមកវ៉ៃប្រហារ ទាំងមេរបស់អ្នកឯង តើឱ្យខ្ញុំអត់ឱនបានទេ ខ្ញុំផ្តាំកូន ផ្តាំចៅ របស់ខ្ញុំកុំយោគយល់ អត់ឱនអាក្រុមនេះ.., ខៀវ សំផន នួន ជា មេដឹកនាំខ្មែរក្រហមដទៃទៀតមក ហូបបាយជាមួយខ្ញុំដល់ផ្ទះ តែអាក្រុមហ្នឹងគឺអត់ គឺមានតែម្នាក់ទេ (ទណ្ឌិត សម រង្ស៉ី) ឯអ្នកដទៃខ្ញុំបើកចំហឱ្យអ្នកដទៃផ្តាច់ខ្លួនចេញ ខ្ញុំលើកលែងទោសឱ្យ»។
បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសបើកចំហរនឹងលើកលែងទោសឱ្យក្រុមប្រឆាំងរូបណាដែលបានដឹងខ្លួនខុស ហើយបានផ្តាច់ខ្លួនចេញពីទណ្ឌិត សម រង្ស៉ី នោះសម្តេចនឹងស្នើសុំទៅព្រះមហាក្សត្រ ដើម្បីលើកលែងទោសឱ្យ ដូច្នេះ លក្ខខណ្ឌត្រូវតែផ្តាច់ខ្លួនពីមេចលនាឧទ្ទាមខុសច្បាប់ សម រង្ស៉ី ដែលបានអនុវត្តនយោបាយជ្រុលនិយម។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្ហើបថា បើទោះជាសម្តេចនឹងស្នើឱ្យមានការលើកលែងទោសឱ្យក្រុមអ្នកនយោបាយជ្រុលនិយម ដែលបានផុងខ្លួនដើរតាមមេកើយក្បត់ជាតិ ក៏ក្រុមទាំងនោះមួយចំនួនមិនចង់វិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញដែរ ព្រោះថាជនទាំងនោះបានទៅមានស្រីស្នេហ៍នៅក្រៅស្រុក ដូច្នេះ ហើយច្បាស់ណាស់ពួកគេមិនចង់មកកម្ពុជាវិញ ជួបជុំក្រុមគ្រួសារនោះទេ។
«ខ្ញុំត្រៀម បើផ្តាច់ខ្លួនពីមនុស្សចង្រៃនេះ (ទណ្ឌិត សម រង្ស៉ី) ខ្ញុំនឹងលើកលែងទោសឱ្យ»។ នេះជាការអះអាងបន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃនេះ ៕
ដោយ ៖ សហការី