ព័ត៌មានទាន់ហេតុការណ៍៖

ឃេីញម្ចាស់ភ្លេចខ្លួនចូលទៅលួចទូរស័ព្ទបានហេីយរត់មិនរួចត្រូវពលរដ្ឋក្របួចបានម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យជិះម៉ូតូដឹកគ្នាដេីរលួចទ្រព្យសម្បត្តិពលរដ្ឋតាមផ្ទះ ខណៈឃេីញម្ចាស់កំពុងអង្គុយលាងកែវផ្លែឈេីភ្លេចខ្លួនក៏ចូលទៅលួចទូរស័ព្ទបានសម្រេចហើយតែម្ចាស់ឃេីញទាន់ក៏ស្រែកផ្អើលដល់អ្នកភូមិនាំគ្នាដេញចាប់បានម្នាក់ ចំណែកម្នាក់ទៀតរត់គេចបាត់។ 

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨និង៤៥នាទីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតាមផ្លូវបេតុង ក្នុងក្រុមទី៦ ផ្សារអូដឹម ភូមិអូដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលប្រជាពលរដ្ឋចាប់ខ្លួនបានម្នាក់នោះឈ្មោះ វណ្ណា ដាវីត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ។ ចំណែកជនសង្ស័យម្នាក់ទៀតដែលរត់គេចខ្លួនរួចនោះឈ្មោះ ពៅ ហៅពៀច ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ។ រីឯជនរងគ្រោះក្នុងករណីខាងលើ ឈ្មោះ ចោប កុសល ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិជ្រៃ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

បើតាមសម្តីស្ត្រីជាប្រពន្ធរបស់ជនរងគ្រោះ បានឱ្យដឹងថា មុនកើតហេតុ ខណៈដែលពួកខ្លួនកំពុងអង្គុយលាងកែវ ផ្លែឈើ ភ្លេចខ្លួន ស្រាប់តែជនសង្ស័យម្នាក់ចូលទៅក្នុងតូបលួចយកទូរស័ព្ទដៃម៉ាកសាំសុងដែលដាក់លើតុក្រោយខ្នង លុះជនសង្ស័យរត់ចេញ ខ្លួនក្រឡេកឃើញទាន់ក៏ស្រែកផ្អើលអ្នកភូមិជួយដេញចាប់បានម្នាក់ តែធ្លាក់ទូរស័ព្ទបែកខ្ទេច ចំណែកបក្ខពួកម្នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់ទៅ។

ជនសង្ស័យបានសារភាពថា ខ្លួននិងបក្ខពួកម្នាក់ទៀតពិតជាជិះម៉ូតូទៅចំណុចខាងលើ ឃើញម្ចាស់អង្គុយភ្លេចខ្លួនក៏បានចូលលួចទូរស័ព្ទនៅក្រោយខ្នងពិតមែន ។

ជនសង្ស័យម្នាក់ បន្ទាប់ពីពលរដ្ឋចាប់បាន ប្រគល់ឱ្យសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖