ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ខឹងឪពុកមិនឱ្យជិះម៉ូតូទាញកាំបិតផ្គាក់កាប់ចំស្មាឪពុកបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់ព្រោះតែខឹងឪពុកមិនឱ្យយកម៉ូតូទៅជិះ ស្រាប់ផ្ទុះកំហឹងស្ទុះទៅទាញយកកាំបិតផ្គាក់មកកាប់ឪពុកចំស្មាខាងឆ្វេងបណ្តាលឱ្យរងរបួសធ្ងន់ កាលពីយប់ថ្ងៃទី២១ ខែកុម្ភៈ  ឆ្នាំ២០២៣ នៅភូមិអូរអង្រែ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ជនសង្ស័យត្រូវជាកូនឈ្មោះ ហួន គី អាយុ៣២ឆ្នាំ រស់នៅភូមិកើតហេតុ បានយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះជាឪពុករបស់ខ្លួនឈ្មោះ ឡឹក គៀន អាយុ ៦៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នាបណ្ដាលឱ្យឪពុករងរបួសធ្ងន់ស្មាខាងឆ្វេង  ដោយមូលហេតុជនសង្ស័យលក្ខណៈបែកថ្នាំ ខឹងសុំម៉ូតូឪពុកជិះមិនបានក៏កាប់ទៅលើឪពុកតែម្តង។

    ចំពោះជនរងគ្រោះត្រូវជាឪពុកបង្កើតរបស់ជនសង្ស័យត្រូវបានក្រុមគ្រួសារយកទៅកាន់មន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង និងបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យខេត្តសៀមរាប។

    បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមអធិការនគរបាលស្រុកអន្លង់វែងបានចាត់កម្លាំងជំនាញនិងកម្លាំងប៉ុស្ដិ៍រដ្ឋបាល ចុះ ទៅកាន់កន្លែងកើតហេតុធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ ហួន គី អាយុ៣២ឆ្នាំ រស់នៅភូមិកើតហេតុខាងលើយកមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ សូរិយា


ចែករំលែក៖