ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលចាប់ប៉ូលិស ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ព្រោះតែរឿងពាក់ព័ន្ធករណី រួមភេទជាមួយអនីតិជន

ចែករំលែក៖

ខេត្តតាកែវ ៖ ករណីនគរបាលចាប់ប៉ូលិសនេះ តាមការបញ្ជាក់ពីសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គប្រាសាទឲ្យដឹងថា នៅថ្ងៃ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ជនសង្ស័យដែលជាមន្ត្រីនគរបាលចរាចរណ៍ម្នាក់នៅស្នងការដ្ឋាននគរបាលខេត្ត តាកែវត្រូវបានជីតាក្មេងស្រីដែលជាអាណាព្យាបាលដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចស្រុកគីរីវង់ ជួយអន្តរាគមន៍ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈជាមួយអនីតិជន។

កម្លាំងនគរបាលប៉ុស្តិ៍បានទទួលពាក្យបណ្តឹងពីឈ្មោះ ណឹម មួង ភេទប្រុស អាយុ ៥៤ឆ្នាំ មានទីលំនៅភូមិលន្ទៈ ឃុំអង្គប្រាសាទ ស្រុកគីរីវង់ ខេត្តតាកែវ ដោយបានប្តឹងឈ្មោះ ខាន់ ពុទ្ធី ភេទប្រុស អាយុ២២ឆ្នាំ ជាមន្រ្តីនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងក្តុល ឃុំត្រពាំងសិលាខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

ពាក្យបណ្តឹងនោះប្តឹងចោទថា ជនសង្ស័យខាងលើបានចាប់រំលោភសេពសន្ថវៈលើចៅស្រីអាយុ១៣ឆ្នាំ(ស្នាក់នៅក្នុងបន្ទុកជាមួយជីតា) នៅចំណុចផ្ទះសំណាក់មួយ នៅតំបន់ទេសចរណ៍ជ្រោះផ្អោកស្ថិតក្នុងស្រុកគិរីវង ដែលប្រព្រឹត្តឡើងកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២៣ ហើយចៅស្រីទើបតែបានបង្ហើបប្រាប់ជីតា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្រោយឮដំណឹងដែលចៅស្រីប្រាប់ ជីតាបានមកដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តងទៅ។

ជនសង្ស័យក្នុងករណីរំលោភសេពសន្ថវៈជាមួយអនីតិជនខាងលើនេះ ត្រូវបានសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកគីរីវង់សាកសួរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

ដោយ៖ សូរិយា


ចែករំលែក៖